ព័ត៌មានទាន់ហេតុការណ៍៖

អង្គការសុខភាពពិភពលោកព្រមានពីការចែកចាយវ៉ាក់សាំងមិនមានតម្លាភាពនៅលើពិភពលោក

ចែករំលែក៖

អគ្គនាយកអង្គការសុខភាពពិភពលោកបានប្រកាសថា កម្មវិធីចែកចាយវ៉ាក់សាំងប្រឆាំងកូវីដ-១៩ នៅលើពិភពលោកមិនមានតម្លាភាពគឺជាការបរាជ័យយ៉ាងធំធេងផ្នែកក្រមសីលធម៌របស់អង្គការនេះ។
មានប្រសាសន៍នៅក្នុងកិច្ចប្រជុំតាមអនឡាញនៅទីក្រុងហ្សឺណែវប្រទេស្វុីស កាលពីថ្ងៃទី២២ខែមីនា (ពេលវេលាក្នុងតំបន់) លោក Ryan មន្ត្រីគ្រប់គ្រងភាពអាសន្ន និងការចែកចាយវ៉ាក់សាំង បានបង្ហាញក្តីបារម្ភយ៉ាងខ្លាំងពីការកើនឡើងនៃកូវីដ-១៩ នៅក្នុងតំបន់អឺរ៉ុប គឺកើនឡើងដល់ទៅ១២% ក្នុងមួយសប្តាហ៍កន្លងមក។ ទាំងនោះហើយអង្គការWHO បានបញ្ជាក់ថា មិនមានវិធានការណាមួយអាចទប់ស្កាត់ការឆ្លងកូវីដ-១៩ មានប្រសិទ្ធភាព បញ្ចប់កូវីដ-១៩ ក្រៅពីការចាក់វ៉ាក់សាំងនោះឡើយ។
អង្គការសុខភាពពិភពលោក បានបញ្ជាក់ថា មានប្រទេសជាច្រើន កំពុងតែព្យាយាមទទួលបានវ៉ាក់សាំងគ្រប់គ្រាន់សម្រាប់ពលរដ្ឋរបស់ខ្លួន។ មានតែវិធីសាស្ត្រនេះទេទើបអាចយកឈ្នះទៅលើកូវីដ-១៩ ដោយគ្មានវិធីសាស្ត្រណាប្រសើរជាងនេះឡើយ។
លោក Ryan បានបញ្ជាក់ថា « ខ្ញុំពិតជាសោកស្តាយ ដោយនៅលើពិភពលោកមិនមានវ៉ាក់សាំងគ្រប់គ្រាន់ចែកចាយជូនពលរដ្ឋ ។ មិនតែប៉ុណ្ណោះ ការចែកចាយវ៉ាក់សាំង មិនមានតម្លាភាព គឺជាការបរាជ័យយ៉ាងធំធេងពីមនុស្សធម៌»។
មានប្រសាសន៍នៅក្នុងសន្និសីទកាសែត អគ្គនាយកអង្គការWHO លោក Tedros Adhonom Ghebreyesus ក៏បានរិះគន់ពីគម្លាតរវាងប្រទេសអ្នកមាននឹងអ្នកក្រ ស្តីពីចំនួនវ៉ាក់សាំងចាក់ជូនពលរដ្ឋនៅក្នុងប្រទេសរបស់ខ្លួន ប្រទេសអ្នកមានសម្បូរវ៉ាក់សាំង ប្រទេសអ្នកក្រគ្មានវ៉ាក់សាំងឡើយឬមានតិចតួចតែប៉ុណ្ណោះ។
លោកបន្តទៀតថា ប្រសិនបើយើងមិនទប់ស្កាត់ឲ្យបានលឿន នោះ វីរុសកូវីដ-១៩ នឹងរាលដាលកាន់តែច្រើន ហើយកាន់តែលេចចេញនូវវីរុសប្រភេទថ្មីពិបាកក្នុងការទប់ស្កាត់។
តាមរបាយការណ៍របស់អង្គការសុខភាពពិភពលោក មកទល់ពេលនេះ មាន វ៉ាក់សាំងចំនួន៤៥៥លានដូសត្រូវបានប្រើប្រាស់នៅប្រទេសចំនួន១៦២លើពិភពលោក។ ក្នុងចំណោមនោះមានដល់ទៅ៥៦%ប្រើប្រាស់នៅក្នុងប្រទេសអ្នកមាន ៕

ដោយ ៖ធីរីណា (រូបភាព៖Xinhua)


ចែករំលែក៖