នាយករដ្ឋមន្ត្រីជប៉ុន លោក Yoshihide Suga បានលើកឡើងថា ការបាញ់សាកល្បងមីស៊ីលរបស់កូរ៉េខាងជើង គឺជាការគំរាមកំហែងដល់សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ ។ មន្ទីរបញ្ចកោណបង្ហាញក្តីបារម្ភពីការបន្តសកម្មភាព បរមាណូ។
មន្ត្រីកូរ៉េខាងត្បូង ជប៉ុន អាមេរិក បានឲ្យដឹងថា នៅព្រឹកថ្ងៃទី ២៥ខែមីនា កូរ៉េខាងជើងបានបាញ់មីស៊ីលចូលទៅកាន់ដែនសមុទ្រស្ថិតនៅក្នុងដែនអធិបតេយ្យ សេដ្ឋកិច្ចរបស់ជប៉ុន ។
អគ្គមេបញ្ជាការកម្លាំងទាហានចម្រុះ អាមេរិក-កូរ៉េខាងត្បូង(JCS) នៅថ្ងៃទី២៥ខែមីនា បានបញ្ជាក់ថា កូរ៉េខាងជើងពិតជាបានបាញ់មីស៊ីលទៅកាន់សមុទ្រជប៉ុនប្រាកដមែន។
មកទល់ពេលនេះ គេមិនទាន់ដឹងប្រាកដពីចំនួននិងប្រភេទមីស៊ីល ដែលកូរ៉េខាងជើងបានបាញ់សាកល្បងឡើយ។ ក្រសួងចារកិច្ចកូរ៉េខាងត្បូង និងអាមេរិកកំពុងតែវិភាគទៅលើទិន្នន័យពាក់ព័ន្ធនឹងការបាញ់មីស៊ីលរបស់កូរ៉េខាងជើង។
ជាមួយគ្នានេះដែរ នាយករដ្ឋមន្ត្រីជប៉ុន បានថ្កោលទោសយ៉ាងខ្លាំងដល់ការសាកល្បងមីស៊ីលរបស់កូរ៉េខាងជើង គឺជាការគំរាមកំហែងដល់សន្តិសុខ ស្ថិរភាពក្នុងតំបន់។ នាយករដ្ឋមន្ត្រីជប៉ុន នឹងជួបពិភាក្សាជាមួយប្រធានាធិបតីបៃឌិន ពេលបំពេញទស្សនកិច្ចនៅខែមេសាឆ្នាំ២០២១ខាងមុខនេះ។
នេះជាករណីបាញ់សាកល្បងមីស៊ីលលើកទីពីរហើយ ក្នុងរយៈពេលមួយសប្តាហ៍ ។ ប្រធានាធិបតីកូរ៉េខាងត្បូង លោកមូន ជេអុីន បានកោះប្រជុំជាបន្ទាន់ក្រុមប្រឹក្សាសន្តិសុខជាតិ ស្តីពីសកម្មភាពរបស់កូរ៉េខាងជើង ។ ជាមួយគ្នានេះដែរ អាមេរិក ជ៉ប៉ុន និងកូរ៉េខាងត្បូងនឹងជួបពិភាក្សាគ្នាស្តីពីសន្តិសុខ ក្នុងតំបន់ ពាក់ព័ន្ធកូរ៉េខាងជើង៕ ដោយ ៖ ធីរីណា
រូបភាព៖ Yonhap