ភ្នំពេញ៖ ក្នុងដំណាក់កាលជំងឺកូវីដ-១៩ កំពុងយាយីសុខភាពនិងជីវភាពរស់ នៅរបស់ប្រជាពលរដ្ឋស្ទើគ្រប់ទីកន្លែងនៅព្រះរាជាណាចក្រកម្ពុជា មានសប្បុរសជន ក្រុមហ៊ុន សមាគមន៍ បានជួយឧបត្ថម្ភជាថវិកា និង សម្ភារៈ ដល់រាជរដ្ឋាភិបាល ក្រសួង មន្ទីរ រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដើម្បីរួមចំណែកក្នុងការបង្ការ ទប់ស្កាត់ ប្រយុទ្ធប្រឆាំងជំងឺ កូវីដ-១៩ កុំអោយរីករាលដាលចូលសហគមន៍ ។
ក្នុងដំណាក់កាលជំងឺកូវីដ-១៩ នេះដែរសម្រាប់រដ្ឋបាលខណ្ឌច្បារអំពៅបានទទួលអំណោយជាបន្តបន្ទាប់ពីសប្បុរសជន ក្រុមហ៊ុន និងសមាគមន៍ នានា បានជួយឧបត្ថម្ភសម្រាប់យកទៅប្រើប្រាស់ក្នុងទិសដៅបង្ការ ទប់ស្កាត់ ប្រយុទ្ធប្រឆាំងជំងឺ កូវីដ-១៩ និងជួយដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ។
ជាក់ស្តែងនៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ សមាគមន៍រាជសីហ៍ បានផ្តល់អំណោយជា ទឹកសុទ្ធ៥០កេស ម៉ាស់ ជែល អាល់កុល ដល់រដ្ឋបាលខណ្ឌច្បារអំពៅ ដើម្បីយកទៅប្រើប្រាស់ក្នុងកិច្ច ការបង្ការ ទប់ស្កាត់ ប្រយុទ្ធប្រឆាំងជំងឺ កូវីដ-១៩ កុំអោយរីករាលដាលចូលសហគមន៍ ។
លោកស្រី ហេង សុវត្ថា អភិបាលរងខណ្ឌ តំណាងលោកអភិបាលខណ្ឌដែលអញ្ជើញទទួលអំណោយពីសមាគមន៍រាជសីហ៍ បានសម្តែងនូវការស្វាគមន៍និងថ្លែងអំណរ គុណដល់សមាគមន៍ ដែល បានឧបត្ថម្ភសម្ភារៈសម្រាប់ បង្ការ ការពារ ទប់ស្កាត់ ជំងឺកូវីដ-១៩ ។ សម្ភារៈទាំងអស់នេះដូចជាម៉ាស់ ជែល អាល់កុល និងយក ចែកជូនទៅតាមសង្កាត់ សាលារៀន មណ្ឌលសុខភាព និង សហគមន៍ ៕
ដោយ៖ សណ្ដោស