ភ្នំពេញ៖ មានការភ្ញាក់ផ្អើលជាខ្លាំងកាលពីព្រឹកថ្ងៃទី២៥ ខែមីនាឆ្នាំ២០២១នេះ បន្ទាប់ពីពិធីករមាឌធំ លោកឈាន ប៊ុនធឿន ហៅ MC Boom ត្រូវបាននាយកណ្តុរជាមិត្តភក្តិបានប្រកាសថា ពិធីកររូបនេះបានទទួលមរណភាព។ មរណភាពសម្រាប់សិល្បកររូបនេះបានបង្កើតឲ្យមានការភ្ញាក់ផ្អើលនិងមិនគួរឲ្យជឿក្រោយពីលោកមានមាឌធំ ហាក់មើលទៅមានសុខភាពមាំទាំនិងក្រោយពីលោកបានចូលសម្រាកនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតរយៈខ្លីនោះ។
ដំណឹងដ៏គួរឲ្យរន្ធត់នេះបានធ្វើឲ្យអ្នកសិល្បកររួមអាជីពដែលបានស្គាល់លោកសម្តែងនូវការសោកស្តាយចំពោះដំណឹងមរណភាពរបស់លោកផងដែរ។ តារាកំប្លែង និងចម្រៀង នាយកណ្តុរបានបញ្ជាក់នៅលើហ្វេសប៊ុកផ្ទាល់ខ្លួនថា “ពុទ្ធោអើយ! ពួកម៉ាកខ្ញុំស្លាប់បាត់ហើយដោយសារកូវីដ ពិតជាមិនគួរឲ្យជឿលឿនពេកហើយ”។ ទោះជាយ៉ាងណាដំណឹងនៃការស្លាប់របស់ពិធីករMC Boomនៅមិនទាន់បានប្រកាសលម្អិតអំពីមូលហេតុច្បាសលាស់នៅឡើយ ដែលគេនៅរង់ចាំសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលសិនផងដែរ។
MC Boom មាន ឈ្មោះ ឈាន ប៊ុនធឿន ជនជាតិខ្មែរ ភេទប្រុស អាយុ៣៨ឆ្នាំ បច្ចុប្បន្នស្នាក់នៅភូមិសាមគ្គី សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ (ជិតផ្សារសាមគ្គី) ជាពិធីករ Freelance តាមរោងការ និងធ្លាប់ធ្វើការជាមួយតារាកំប្លែង សេង ចិន្តា (ហៅអុីត) និងមានស្រុកកំណើតនៅភូមិកណ្តាល ឃុំមានជ័យ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ មានជំងឺធាត់កម្រិត១ និងលើសឈាម, ក្រុមគ្រូពេទ្យរកឃើញមានរលាកសួតធ្ងន់ធ្ងរទាំងសងខាង និងមានខ្សោយសួតខ្លាំង។ ការធ្វើតេស្តរកឃើញជំងឺកូវីដ-១៩នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ អ្នកជំងឺបានស្លាប់នៅវេលាម៉ោង ៧៖៣៥នាទីព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ ដោយខ្សោយសួតធ្ងន់ធ្ងរ រលាកសួតទាំងសងខាងខ្លាំង ដោយមេរោគកូវីដ-១៩វាយលុក។ នេះបើយោងតាមការផ្សាយដោយសារព័ត៌មានក្នុងស្រុកមួយកាលពីព្រឹកមិញនេះ។
គួរបញ្ជាក់ដែរថា នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ថ្មីរហូតដល់៥៥នាក់ ដែលសុទ្ធសឹងជាករណីឆ្លងក្នុងសហគមន៍ «ព្រឹត្តិការណ៍២០កុម្ភៈ» ខណៈអ្នកជំងឺចំនួន២៣នាក់បានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។គិតត្រឹម ព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ១៨៧២នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ១០៥៦នាក់, អ្នកកំពុងសម្រាកព្យាបាលជំងឺចំនួន ៨០៩នាក់, ស្លាប់ចំនួន៥នាក់ និង២នាក់ទៀតស្លាប់ដោយសារការរើថ្នាំញៀនធ្ងន់ធ្ងរ និងស្ទះសរសៃឈាមបេះដូង ពេលកំពុងទទួលការព្យាបាលជំងឺកូវីដ-១៩៕
ដោយ៖ វឌ្ឍនា