ព័ត៌មានទាន់ហេតុការណ៍៖

លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចូលរួមវាយគង ជួង រគាំង ទូងស្គរ នៅវត្តច័ន្ទបុរីវង្សដើម្បីជាសាររំលឹកប្រជាពលរដ្ឋរក្សាឲ្យបាននូវ ៣ការពារ និង៣កុំ

ចែករំលែក៖

ភ្នំពេញ ៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជានាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពិធីវាយគង ជួង រគាំង ទូងស្គរ នៅវត្តច័ន្ទបុរីវង្ស ស្ថិតនៅភូមិសំរោងជើង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ក្រោមព្រះវត្តមាន សម្ដេចព្រះវ័នរតកិត្តិបណ្ឌិត ណយ ច្រឹក សម្តេចព្រះសង្ឃនាយករងទី២នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃអាទិត្យទី២៨ ខែមីនា ឆ្នាំ២០២១។

ពិធីនេះប្រព្រឹត្តទៅបានស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី២៣ ខែមីនាឆ្នាំ២០២១ កន្លងទៅនេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្នើឱ្យគ្រប់វត្តអារាមទាំងអស់ ទូងស្គរ វាយជួង ព្រមៗគ្នាទូទាំងប្រទេស ក្នុង១ថ្ងៃ៥ដង ដើម្បីជាសាររំលឹកប្រជាពលរដ្ឋរក្សាឲ្យបាននូវ ៣ការពារ និង៣កុំ។                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                           

ការទូងស្គរនេះ ក៏ជាសារដាស់តឿន ក្រឿនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់គ្នាត្រូវប្រុងប្រយ័ត្នខ្ពស់ក្នុងការបង្ការ និងទប់ស្កាត់នូវការឆ្លងរីករាលដាលមេរោគកូវីដ-១៩ តាមអានុសាសន៍របស់សម្តេចតេជោ និងវិធានការរបស់ក្រសួងសុខាភិបាល។ ខណៈដែលកម្ពុជាកំពុងជួបប្រទះករណីឆ្លងកូវីដ-១៩ យ៉ាងធ្ងន់ធ្ងរមិនធ្លាប់មាន ដែលកើតចេញពីព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។

ក្នុងឱកាសនោះផងដែរលោកស្រីកិត្តិសង្គហបណ្ឌិត ក៏បានបួងសួងថ្វាយព្រះពរជ័យ ថ្វាយព្រះមហាក្សត្រ ព្រះមហាក្សត្រី ជាសម្តេចម៉ែ សម្តេចយាយ សម្តេចយាយទួត មុនិនាថ សីហនុ និងប្រគេនពរដល់ព្រះសង្ឃគ្រប់ព្រះអង្គ និងជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ថ្នាក់ដឹកនាំ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភាព្រមទាំងប្រជាពលរដ្ឋនៅទូទាំងប្រទេស សូមឲ្យជួបសេចក្តីសុខ សន្តិភាព និងសេចក្តីចម្រើនគ្រប់ៗគ្នាជារៀងរហូត៕ ដោយ ៖ ព្រែកសំរោង


ចែករំលែក៖