ព័ត៌មានទាន់ហេតុការណ៍៖

លោក ខៀវ កាញ្ញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មានអញ្ជើញពិនិត្យទីតាំងសម្រាប់ចាក់វាក់សាំងបង្ការកូវីដ-១៩ ជូនអ្នកសារព័ត៌មានកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ ដើម្បីឆ្លើយតបទៅនឹងការយកចិត្តទុកដាក់នៃរាជរដ្ឋាភិបាលកម្ពុជាក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ និងមេរោគបំលែងថ្មីនៃជំងឺដ៏កាចសាហាវនេះ លោក ខៀវកាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន រួមនិងថ្នាក់ដឹកនាំនៃក្រសួងព័ត៌មានបានអញ្ជើញចុះពិនិត្យទីតាំងនិងត្រៀមរៀបចំសម្រាប់ការចាក់វ៉ាក់សាំងជូនដល់អ្នកសារព័ត៌មានកម្ពុជានាទីស្ដីការក្រសួងព័ត៌មាន។

លោក ខៀវកាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានយកចិត្តទុកដាក់និងព្រួយបារម្ភយ៉ាងខ្លាំងអំពីសុខមាលភាពប្រជាពលរដ្ឋ មន្រ្តីរាជការ ក៏ដូចជា អ្នកសារព័ត៌មានទាំងអស់គ្រប់ពេលវេលា ពិសេសក្នុងកាលៈទេសៈដែលកម្ពុជាកំពុងស្ថិតក្នុងបរិបទការរីករាលដាលជាសកលនៃជំងឺកូវីដ-១៩ ហើយជាក្តីបារម្ភមួយរបស់ថ្នាក់ដឹកនាំនៃរាជរដ្ឋាភិបាល រួមជាមួយដៃគូរអភិវឌ្ឍន៍សម្រាប់ជួយទប់ស្កាត់នៃការរីករាលដាលជំងឺដ៏កាចសាហាវមួយនេះ។
លោកបានមានប្រសាសន៍បន្តទៀតថា ការត្រៀមចាក់វ៉ាក់សាំងជូនអ្នកសារព័ត៌មាននាឱកាសនោះគឺពិតជាបានឆ្លើយតបទៅនឹងការទប់ស្កាត់កាត់បន្ថយការចម្លងក្នុងសហគមន៍ និងហានិភ័យនៃការបាត់បង់ជីវិតរបស់ប្រជាពលរដ្ឋ ដែលបណ្តាលមកពីជំងឺផ្តាសសាយប្រភេទថ្មីឬកូវីដ១៩។
លោក រដ្ឋមន្រ្តីក៏បានផ្តាំផ្ញើរដល់ប្រជាពលរដ្ឋ និង អ្នកសារព័ត៍មានទាំងអស់អោយប្រកាន់ខ្ជាប់នូវវិធានសុខាភិបាល និងអនុសាសន៍នៃប្រមុខរាជរដ្ឋាភិបាល៣កុំ៣ការពារអោយមានប្រសិទ្ធភាព ដើម្បីកម្ពុជាគ្មានការចម្លងថ្មីនៃមេរោគកូវីដ-១៩ ពិសេសធ្វើយ៉ាងណាអោយប្រជាពលរដ្ឋកម្ពុជារស់នៅក្នុងទំនើបភាវូបនីយកម្ម និងស្នាមញញឹមនៃមហាគ្រួសារខ្មែរតែមួយ៕

ប្រភព ៖ ទទក


ចែករំលែក៖