ព័ត៌មានទាន់ហេតុការណ៍៖

មេដឹកនាំចំនួន​ ២៣ប្រទេស​ និងWHO៖ គាំទ្រការបង្កើតសន្ធិសញ្ញាអន្តរជាតិមួយ ដើម្បីដោះស្រាយវិបត្តិសុខភាពពិភពលោក

ចែករំលែក៖

អន្តរជាតិ បើតាមទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃអង្គារ ទី៣០ខែមីនា ឆ្នាំ២០២១បានចុះផ្សាយថាមេដឹកនាំនៃប្រទេសចំនួន២៣ និងអង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃអង្គារនេះដែរបានប្រកាសគាំទ្រលើគំនិតបង្កើត «សន្ធិសញ្ញាអន្តរជាតិមួយ» ដែលនឹងជួយពិភពលោកក្នុងការដោះស្រាយ វិបត្តិសុខាភិបាលនៅពេលអនាគត ក៏ដូចជា៖ជំងឺឆ្លងCOVID-19 ដែលយើងកំពុងជួបប្រទះនាពេលបច្ចុប្បន្ន។

សូមជម្រាបថាគំនិតបង្កើតសន្ធិសញ្ញាអន្តរជាតិខាងលើ ដែលមានគោលបំណងសម្រួលដល់ការទទួលបានថ្នាំពេទ្យ ឬវ៉ាក់សាំងប្រកបដោយសមធម៌ ត្រូវបានលើកឡើងដោយលោក ឆាល មីឈែល (Charles Michel) ប្រធានក្រុមប្រឹក្សាអឺរ៉ុប ក្នុងកំឡុងកិច្ចប្រជុំកំពូល G20 កាលពីខែវិច្ឆិកា ឆ្នាំ២០២០កន្លងទៅ

ជាក់ស្ដែងបណ្តាមេដឹកនាំនៃប្រទេសដែលគាំទ្រគំនិតខាងលើនេះរួមមាន៖អាល់បានី (Albania), ឈីលី (Chile), ខូស្តា រីកា (Costa Rica), ហ្វីជី(Fiji), បារាំង (France), អាល្លឺម៉ង់ (Germany), ក្រិក (Greece), ឥណ្ឌូណេស៊ី (Indonesia), កេនយ៉់ា (Kenya), ហូឡង់(Netherlands), ន័រវេយ៍ (Norway), ព័រទុយហ្គាល់់ (Portugal), រ៉ូម៉ានី (Romania), រ៉ាវ៉ាន់ដា (Rwanda), សេណេហ្គាល់់ (Senegal), សេប៊ី (Serbia), អាហ្វ្រិកខាងត្បូង (South Africa), កូរ៉េខាងត្បូង (South Korea), អេស្ប៉ាញ (Spain), ទ្រីនីដេដ និង តូបាហ្គោ(Trinidad and Tobago), ទុយនីស៊ី (Tunisia), អ៊ុយក្រែន (Ukraine), ចក្រភពអង់គ្លេស (the United Kingdom) និងអង្គការ WHO

ទន្ទឹមនឹងនេះសន្ធិសញ្ញាអន្តរជាតិមួយនេះក៏បានគូសបញ្ជាក់ផងដែរ ចំពោះវិស័យសុខភាពមនុស្ស សត្វ និងពិភពលោក ដែលត្រូវបានចាត់ទុកថា មានជាប់ពាក់ព័ន្ធនឹងគ្នា។ មិនតែប៉ុណ្ណោះប្រទេសទាំងអស់គួរតែ ចូលរួមចំណែកទទួលខុសត្រូវ និងធ្វើកិច្ចសហប្រតិបត្តិការជាសកល ប្រកបដោយតម្លាភាព៕ដោយ៖សតារា

លោក ឆាល មីឈែល (Charles Michel) ប្រធានក្រុមប្រឹក្សាអឺរ៉ុប

រូបភាព​៖ឯកសារ​ អ្នកជំងឺកូវីដ១៩​ នៅប្រទេសប្រេស៉ីល

អគ្គនាយក WHO លោក Tedros Adhanom Ghebreyesus


ចែករំលែក៖