ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ចុះតម៉ូទ័រក្នុងអណ្តូងថប់ខ្យល់អត់អុកសុីហ្សែនដាច់ខ្យល់ស្លាប់យ៉ាងអាណោចអាធ័ម

ចែករំលែក៖

ខេត្តក្រចេះ៖ បុរសម្នាក់បានចុះតម៉ូទ័របូមទឹកនៅក្នុងអណ្តូងដែលមានជម្រៅ៦ម៉ែត្រ អត់ខ្យល់អុកសុីហ្សែនបណ្តាលឱ្យថប់ដង្ហើមដាច់ខ្យល់ស្លាប់ភ្លាមៗតែម្តងយ៉ាងអាណោចអាធ័មបំផុត។ ហេតុការណ៍ចុះតខ្សែម៉ូទ័រក្នុងអណ្តូងថប់ដង្ហើមស្លាប់នេះបានកើតឡើងនៅព្រឹកថ្ងៃទី៣០ ខែមីនាឆ្នាំ២០២១ស្ថិតក្នុងភូមិអញ្ចាញ ឃុំដារ ស្រុកចិត្របុរីខេត្តក្រចេះ។
ប្រភពបានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ ឃីន ជឿន ភេទប្រុសអាយុ៥០ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុខាងលើ ។ ប្រភពបន្តថា នៅមុនពេលកើតហេតុគេឃើញជនរងគ្រោះធ្វើដំណើរចេញពីផ្ទះរបស់ខ្លួនតម្រង់ទៅកាន់អណ្តូងតៅ(អណ្តូងលូ)មួយកន្លែងដែលមានទីតាំងស្ថិតនៅខាងក្រោយផ្ទះ ហើយក៏បានចុះទៅក្នុងអណ្តូងនោះដែលមានជម្រៅប្រមាណ៦ម៉ែត្រ ដើម្បីតខ្សែម៉ូទ័របូមទឹក ហើយដោយសារតែក្នុងអណ្តូងនោះហប់គ្មានខ្យល់អុកស៊ីហ្សែនទើបបណ្តាលឱ្យដាច់ដាច់ខ្យល់ស្លាប់យ៉ាងអាណោចអាធ័មតែម្តង។ ខណៈនោះបងប្អូនសាច់ញាតិឃើញជនរងគ្រោះចុះក្នុងអណ្តូងមិនឃើញឡើងមកវិញក៏នាំគ្នាទៅអើតមើលទើបដឹងថាជនរងគ្រោះថប់ដង្ហើមដាច់ខ្យល់ស្លាប់បាត់ទៅហើយក៏បង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ដែលរស់នៅក្បែរទីកន្លែងកើតហេតុនោះនិងជួយរកមធ្យោបាយយកសាកសពឡើងមកខាងលើ ។
បន្ទាប់ពីសាកសពជនរងគ្រោះត្រូវបានអ្នកភូមិជួយស្រង់យកចេញពីក្នុងអណ្តូងបានហើយក៏រាយការណ៍ប្រាប់ទៅសមត្ថកិច្ចដើម្បីចុះមកពិនិត្យធ្វើកោសល្យវិច័យហើយសមត្ថកិច្ចបញ្ជាក់ថាជនរងគ្រោះពិតជាស្លាប់ដោយសារចុះទៅក្នុងអណ្តូងទឹកប្រាកដមែន ។
សមត្ថកិច្ចបានប្រគល់សាកសពជនរងគ្រោះឱ្យសាច់ញាតិក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕

ដោយ៖ជីវ័ន្ត


ចែករំលែក៖