យ៉ាងហោចណាស់ក៏មានមនុស្ស ៤៥នាក់ស្លាប់ក្នុងហេតុការណ៍ប្រជ្រៀតជាន់លើគ្នាក្នុងពិធីបុណ្យសពនៅពហុកីឡដ្ឋាន ក្នុងទីក្រុង Dar es Salaam ប្រទេស Tanzania ក្នុងពេលពលរដ្ឋជាច្រើនចូលទៅគោរពវិញាណក្ខន្ធអតីតប្រធានាធិបតី John Magufuli ។
សារព័ត៌មានក្នុងតំបន់បានផ្សាយនៅថ្ងៃទី៣០ ខែមីនាថា មានមនុស្សជាច្រើនបានទៅកាន់ពហុកីឡដ្ឋាន Uhuru ដើម្បីគោរពវិញ្ញណក្ខន្ធ អតីតប្រធានាធិបតី និងបង្ហាញពីការគោរពស្រឡាញ់ពីពលរដ្ឋ ។ ដោយសារតែមានមនុស្សទៅចូលរួមច្រើន ធ្វើឲ្យបុគ្គលមួយចំនួនខ្វះការអត់ធ្មត់ ព្យាយាមចូលទៅកាន់ពហុកីឡដ្ឋានតាមផ្លូវផ្សេង មិនចូលតាមទ្វារធំទេទើបបង្កឲ្យមានរឿងអាក្រក់កើតឡើង។
ក្រៅពីអ្នកសា្លប់៤៥នាក់ នៅមានអ្នករងរបួស៣៧នាក់ផ្សេងទៀត ក្នុងហេតុការណ៍ប្រជ្រៀតជាន់គ្នាខាងលើ។ តាមប្រភពព័ត៌មានពីរដ្ឋាភិបាល Tanzania ឱ្យដឹងថា ប្រធានាធិបតីដែលបានស្លាប់ គឺដោយសារជំងឺបេះដូង នៅថ្ងៃទី១៧ខែមីនា ក្នុងវ័យ៦១ឆ្នាំនៅមន្ទីរពេទ្យ Dar es Salaam។ ចំណែកក្រុមប្រឆាំងប្រទេសនេះបានលើកឡើងថា ការស្លាប់របស់ប្រធានាធិបតី គឺឆ្លងជំងឺកូវីដ-១៩ ។
ប្រទេសTanzania បានសម្រេច កាន់ទុក្ខ១៤ថ្ងៃ ដោយបង្ហូតទង់ជាតិត្រឹមពាក់កណ្តាលដងប៉ុណ្ណោះ។ សពរបស់លោក ត្រូវបានបញ្ជូនទៅកាន់ទីក្រុងជាច្រើននៅទូទាំងប្រទេសដើម្បីឲ្យពលរដ្ឋចូលគោរពបូជា ។
អនុប្រធានាធិបតី លោកស្រី Samia Suluhu Hassan ត្រូវបានជ្រើសរើសដើម្បីដឹកនាំប្រទេសជំនួសអតីតប្រធានាធិបតីដែលបានស្លាប់ ។ តាមច្បាប់រធម្មនុញ្ញនៅក្នុងប្រទេសនេះ លោកស្រី Hassan នឹងបន្តដឹកនាំប្រទេសរហូតដល់បញ្ចប់អាណត្តិ៥ឆ្នាំ គឺដល់ឆ្នាំ២០២៥៕ ដោយ៖ ធីរីណា
រូបភាព៖ thecitizen.co.tz