ភ្នំពេញ៖ លោកបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១បានអញ្ជើញពិនិត្យមេីលដំណេីរការនៃយុទ្ធនាការចាក់វ៉ាក់សាំងរបស់អនុគណៈកម្មការចំពោះកិច្ចសម្រាប់ចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងសួរសុខទុក្ខថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកជាប់កិច្ចសន្យា របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវះ និយោជក អង្គការវិជ្ជាជីវះ ដែលមកចាក់វ៉ាក់សាំងដោយស្ម័គ្រចិត្ត តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ នាយករដ្ឋមន្រ្តី។
ក្នុងឱកាសនេះ លោករដ្ឋមន្រ្តី បានបញ្ជាក់ជូនអំពីគុណភាពនៃវ៉ាក់សាំងដែលរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល បានយកមកចាក់ជូនតាំងពីចាប់ផ្តេីមដំបូងរហូតដល់ពេលនេះ គឺមានគុណភាពល្អអាចទទួលយកបាន ហេីយសូមឲ្យបងប្អួនទាំងអស់មានការជឿជាក់លេីរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដែលបានគិតគូរខ្ពស់ដល់សុខភាពរបស់បងប្អូន។
ការស្ម័គ្រចិត្តចាក់វ៉ាក់សាំង ជាជំរេីសតែមួយគត់ដែលជួយឲ្យយេីងទាំងអស់គ្នា អាចជៀសផុតពីជំងឺកូវីដ១៩ ដែលកំពុងរាតត្បាតដ៏កាចសាហាវនេះបាន។
ជាមួយគ្នានេះ លោកបណ្ឌិត អ៉ិត សំហេងសូមអំពាវនាវដល់ប្រជាពលរដ្ឋ ជាពិសេសបងប្អូនកម្មករនិយោជិត សូមកុំមានការរារែកក្នុងការមកចាក់វ៉ាក់សាំងដែលរាជរដ្ឋាភិបាល បាននឹងកំពុងផ្តល់ជូនដោយឥតគិតថ្លៃនេះ។ សូមជូនពរប្រជាពលរដ្ឋទាំងអស់ មានសុខភាពល្អជៀសផុតពីជំងឺកូវីដ១៩គ្រប់ៗគ្នា៕
ដោយ៖ស តារា