វៀតណាមមិនមានករណីឆ្លងកូវីដ-១៩នៅក្នុងសហគមន៍ឡើយ ប៉ុន្តែនៅថ្ងៃទី៧ខែមេសានេះរកឃើញករណីឆ្លងកូវីដ-១៩ នាំចូលពីក្រៅ១១នាក់ ។ ជាមួយគ្នានេះដែរវៀតណាមបានចាក់វ៉ាក់សាំងជូនពលរដ្ឋបានជិត៥៤ពាន់នាក់ហើយ។
អ្នកឆ្លងកូវីដ-១៩នៅក្នុងប្រទេសវៀតណាម សរុបមាន២៦៤៨នាក់ និងស្លាប់៣៥នាក់ ។ ចំណែកអ្នកឆ្លងកូវីដ-១៩ នៅទូទាំងពិភពលោកមានអ្នកសឆ្លងកើនឡើងដល់ទៅ ជាង ១៣៣លាននាក់ហើយ ។ វៀតណាមគឺជាប្រទេសដែលទប់ស្កាត់ការឆ្លងកូវីដ-១៩បានយ៉ាងល្អ បើគិតពីចំនួនពលរដ្ឋ ការឆ្លងនៅវៀតណាមមានភាគរយតិចជាងប្រទេសជាច្រើនក្នុងតំបន់ ។
ចំណែកនៅក្នុងប្រទេសថៃវិញ ពេលនេះឆ្លងដល់គណៈរដ្ឋមន្ត្រីថៃហើយ ។ នៅថ្ងៃពុធនេះថៃបានរាយការណ៍ពីករណីឆ្លង COVID-19 ចំនួន ៣៣៤ករណីថ្មី ក្នុងនោះមាន២១៦ករណីត្រូវបានរកឃើញនៅក្នុងទីក្រុងបាងកក។ ម្យ៉ាងវិញទៀត ក្នុងថ្ងៃតែមួយនេះដែរ ប្រព័ន្ធផ្សព្វផ្សាយថៃបានចេញផ្សាយថា រដ្ឋមន្ត្រីដឹកជញ្ជូនថៃ លោក Saksayam Chidchob បានឆ្លង COVID-19 ខណៈរដ្ឋមន្ត្រី និងសមាជិកសភាជាច្រើនរូបទៀតត្រូវធ្វើចត្តាឡីស័ក។ រដ្ឋមន្ត្រីទាំងនេះមានដូចជារដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក Anutin Charnvirakul, រដ្ឋមន្ត្រីក្រសួងអប់រំលោកស្រី Treenuch Thienthong និងឧបនាយករដ្ឋមន្ត្រីលោក Wisanu Kreungam។
លោក Saksayam បាននិយាយថា រូបលោកបានទៅយកសំណាកពិនិត្យមើលជំងឺ COVID-19 នៅឯមន្ទីរពេទ្យមួយកាលពីថ្ងៃអង្គារ ហើយលទ្ធផលគឺអវិជ្ជមាន។ ប៉ុន្តែនៅព្រឹកថ្ងៃពុធនេះ គាត់ប្រែជាមានអាការគ្រុនក្តៅ ដោយមានសីតុណ្ហភាពរហូតដល់ ៣៨អង្សាសេ ហើយក៏បានត្រឡប់ទៅធ្វើតេស្តម្តងទៀត ដោយលទ្ធផលលើកនេះគឺវិជ្ជមាន។
រដ្ឋមន្ត្រីរូបនេះត្រូវបានគេសង្ស័យថាបានឆ្លងពីមន្ត្រីនៅការិយាល័យរបស់លោកមួយរូប ដែលបានទៅកន្លែងកម្សាន្តមួយនៅទីក្រុងបាងកក ជាទីដែលមានការផ្ទុះករណីឆ្លងជំងឺ COVID-19 យ៉ាងខ្លាំង។
ករណីឆ្លងថ្មីនេះបានធ្វើឲ្យគណៈរដ្ឋមន្ត្រីថៃ ប្រែក្លាយជាចំណុចក្តៅនៃការចម្លងជំងឺ COVID-19។ ដ្បិតថា រដ្ឋមន្ត្រីរូបនោះបានទៅចូលរួមក្នុងពិធីសាសនាមួយនៅទីស្នាក់ការកណ្តាលគណបក្សកាលពីថ្ងៃអង្គារសប្តាហ៍នេះ៕ដោយ៖ ធីរីណា
រូបភាព៖Bangkok Post