ព័ត៌មានទាន់ហេតុការណ៍៖

មហាសែនរន្ធត់! ដូនចាស់ទុរគតម្នាក់ស្លាប់ក្នុងភ្នក់ភ្លើងគ្មានមូលហេតុច្បាស់លាស់

ចែករំលែក៖

      ខេត្តពោធិ៍សាត់ ៖ អគ្គិភ័យ​ឆាបឆេះ​ផ្ទះ​មួយ​ខ្នង​អស់ទាំងស្រុង បណ្ដាលឲ្យជីដូនចាស់ជរាព្រះជន្មាយុប្រមាណជិត១០០ឆ្នាំ បានស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័ម និងមានអារម្មណ៍ក្ដុកក្ដួលយ៉ាងក្រៃលែង ដោយពុំមានគេដឹងអំពីមូលហេតុច្បាស់លាស់នោះឡើយ ។

ហេតុការណ៍គ្រោះអគ្គិភ័យមហាសែនរន្ធត់ខាងលើងនេះ បានបង្កការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង៣ និង៣០នាទី រសៀលថ្ងៃព្រហស្បតិ៍ ៨រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១ ស្ថិតនៅភូមិពោធិ៍ដំណាក់ ឃុំវាល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ។

ប្រភពព័ត៌មាននានាជុំវិញកន្លែងកើតហេតុបានឲ្យដឹងថា ជីដូនចាស់ជរារងគ្រោះឈ្មោះ រំដួល សួន អាយុ ៩៦ឆ្មាំ ជនជាតិខ្មែរ រស់នៅម្នាក់ឯង គ្មានបងប្អូន.កូនចៅ បានញាតិក្បែរខាងឬអាជ្ញាធរជួយឧបត្ថមក្នុងការហូបចុក ក្នុងផ្ទះដ៏កម្សត់របស់គាត់ទំហំ ៤ម៉ែត្រ គុណនឹង៥ម៉្រែត្រ ដំបូលប្រក់ស័ង្កសី ជញ្ជាំងបាំងស័ង្កសី និងក្ដា រនាបក្រាលក្ដា គាត់រស់នៅដីញាតិក្បែរខាងគ្នា ។

ប្រភពនានាដដែលបន្តទៀតថា បញ្ហាអគ្គីភ័យឆាបឆេះ ផ្ទះដូនចាស់អស់ទាំងស្រុងរួមទាំងរូបគាត់យ៉ាងរន្ធត់នេះ គ្មានអ្នកណាបានដឹងអំពីមូលហេតុច្បាស់លាស់នោះទេ ប៉ុន្តែធម្មតាឲ្យតែរសៀលគាត់ដាំបាយឬដាំទឹក ដូច្នេះហើយទើបគេសន្និដ្ឋានអាចបណ្ដាលមកពីភ្លើងចង្រ្កាន ។

ដោយឡែក ប្រភពព័ត៌មានពីសមត្ថកិច្ចនគរបាលស្រុកកណ្ដៀងបានឲ្យដឹងដែរថា ករណីអគ្គិភ័យឆាបឆេះផ្ទះដូនចាស់ជរារួមទាំងស្លាប់រូបគាត់ក្នុងភ្នក់ភ្លើងយ៉ាងរន្ធត់នេះ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ របស់អធិការដ្ឋាននគរបាលស្រុកកណ្ដៀង និងស្នងការដ្ឋាននគរបាលខេត្តចំនួន២គ្រឿង ដើម្បីជួយអន្តរាគមន៍ ប៉ុន្តែស្ថានភាពផ្លូវតូចចង្អៀតពុំជួយអន្តរាមន៍ទាន់ពេលវេលានោះទេ ហើយមូលហេតុអាចបណ្ដាលមកពីភ្លើងចង្រ្កាន បច្ចុប្បន្ន សពលោកយាយប្រគល់ជូនញាតិឈ្មោះ ហង់ វណ្ណា ភេទប្រុស អាយុ ៤៣ឆ្នាំ ជនជាតិខ្មែរ ដើម្បីចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕

ដោយ៖ បុឹម ពិន


ចែករំលែក៖