ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរនិងសមត្ថកិច្ចចុះបង្ក្រាបទីតាំងល្បែងស៊ីសងចំនួន ៤កន្លែងដែលគឃ្លើននិងបទបញ្ជា

ចែករំលែក៖

ភ្នំពេញ៖ ទីតាំងល្បែងស៊ីសងចំនួន៤កន្លែងទៀត ដែលហ៊ានលួចបើកលេងល្មើសការហាមឃាត់នោះ ត្រូវបានអាជ្ញាធរខណ្ឌដូនពេញចុះបិទតែម្តង។ ពិសេសម្ចាស់ទីតាំងក៏ដូចជាអ្នកចូលលេង ហាក់ដូចជាមិនបានគិតអំពីការអនុវត្តវិធានសុខាភិបាល ចំពោះការរីករាលដាលនៃជំងឺកូវីដ-១៩ នោះឡើយ។

សូមជម្រាបជូនថា, ការចុះបង្ក្រាបនេះ បានធ្វើឡើងនៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង១៥:៣០នាទីដល់ម៉ោង១៨:៣០នាទីព្រលប់ ដោយកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ​ដូនពេញ ដឹកនាំដោយលោក​ ចាន់​ គន្ថេត​ និង លោក យស់ យុទ្ធី អភិបាលរងខណ្ឌ បានចុះអនុវត្តវិធានការរដ្ឋបាលធ្វើកំណត់ហេតុបិទទីតាំង​ចំនួន០៤ ជាបណ្តោះអាសន្ន ដែលបាន​លើ្មសពីគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល និងរដ្ឋបាលរាជធានីភ្នំពេញ ។
សមត្ថកិច្ចដែលបានចុះបង្ក្រាបនៅទីតាំងខាងលើបានបញ្ជាក់ថា, ទីតាំងដែលត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពចុះបង្ក្រាបរួមមាន៖
ទី១-ហាងកាហ្វេយីហោឈ្មោះ ស្រី ឡែន កាហ្វេធម្មជាតិ​ ស្ថិតនៅផ្ទះលេខ៨៤ ផ្លូវលេខ៧០ ភូមិ១៩ សង្កាត់ស្រះចក មានការប្រមូលផ្តុំគ្នាមនុស្សច្រើន​ រដ្ឋបាលខណ្ឌបានធ្វើកំណត់ហេតុបិទទីតាំងនេះជាបណ្តោះអាសន្ន។
ទី២-ហាងកាហ្វេ​ប្រេន រតនៈវិសាល ស្ថិតនៅផ្ទះលេខ១០៥ ផ្លូវ៨៦ ភូមិ២២ សង្កាត់ស្រះចក មានលួចលាក់បើកល្បែងស៊ីសងតាមអុីនធើណេត និងមានការប្រមូលផ្តុំមនុស្សច្រើន​ ដូចនេះរដ្ឋបាលខណ្ឌបានធ្វើកំណត់ហេតុបិទទីតាំងនេះ ហើយបានដកហូតសម្ភារៈមួយចំនួនមាន, តុ​០៣​ កៅអី១០ និងទូរទស្សន៍០១។
ទី៣- ទីតាំងល្បែងស៊ីសងតាមប្រព័ន្ធ អ៉ីនធើណេតខុសច្បាប់ ស្ថិតនៅផ្ទះលេខ៥២E0 ផ្លូវលេខ១៤៤ សង្កាត់ផ្សារកណ្តាលទី១ បានធ្វើកំណត់ហេតុបិទទីតាំង ដកហូតកុំព្យូទ័រ ចំនួន១២គ្រឿង និងបានឃាត់ខ្លួនមនុស្សចំនួន០៤ នាក់ បញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ។
និងទី៤ -បានចុះអប់រំណែនាំ ទីតាំងសង្ស័យកត់ឆ្នោតខុសច្បាប់ ចំនួន០១ទីតាំង នៅផ្ទះគ្មានលេខ ផ្លូវលេខ៥ សង្កាត់ផ្សារកណ្ដាលទី១ បានធ្វើកំណត់ហេតុ អប់រំណែនាំម្ចាស់ទីតាំង ហាមប្រព្រឹត្តល្បែងស៊ីសងខុសច្បាប់ ក្នុងករណីមានប្រព្រឹត្តបទល្មើសអាជ្ញាធរនឹងបិទទីតាំង ឃាត់ខ្លួនមនុស្សបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ។
កន្លងមកគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ បានធ្វើការណែនាំចេញញឹកញាប់ មានទាំងវិធានការចុះរដ្ឋបាល បង្រ្កាប ប៉ុន្តែមានម្ចាស់ទីតាំងមួយចំនួននៅតែបំពានច្បាប់៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖