ខេត្តព្រៃវែង៖ នៅថ្ងៃទី ១១ ខែមេសា ឆ្នាំ២០២១ នាយឧត្តមសេនីយ៍ ទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធាននិងជាអគ្គលេខាធិការសមាគមន៍អតីតយុទ្ធជនកម្ពុជា បានអញ្ជើញចុះត្រួតពិនិត្យទីតាំងចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់អតីតយុទ្ធជនជាសមាជិកសមាគមន៍អតីតយុទ្ធជនកម្ពុជាខេត្តព្រៃវែង នៅមន្ទីរពេទ្យបង្អែកស្រុកកំចាយមារ។
យោងតាមអនុសាសន៍ណែនាំ និងបទបញ្ជាដ៍ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គឺតម្រូវអោយមានការរៀបចំកន្លែងចាក់វ៉ាកសាំងជូនសមាជិកសមាគមន៍អតីតយុទ្ធជនកម្ពុជាខេត្តព្រៃវែង ។
នាយឧត្តមសេនីយ៍ ទេសរដ្ឋមន្រ្តី បានមានប្រសាសន៍ថា៖ ទាំងនេះបានគូសបញ្ជាក់ពីការយកចិត្តទុកដាក់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ក្នុងការការពារអាយុជីវិតពលរដ្ឋ និងអតីតយុទ្ធជន ដើម្បីអោយបានចៀសផុតពីជំងឺឆ្លងកូវីដ១៩ ដ៏កាចសាហាវដែលកំពុងតែកើតមានឡើងនៅលើពិភពលោកយើង ក៏ដូចជាប្រទេសកម្ពុជាយើងផងដែរ។
នាយឧត្តមសេនីយ៍ ទេសរដ្ឋមន្រ្តី បានគូសបញ្ជាក់ថា៖ អតីតយុទ្ធជនទៅចាក់វ៉ាក់សាំងសុទ្ធតែបានបង្ហាញទឹកមុខរីករាយជាមួយនឹងការទទួលបានឱកាសចាក់វ៉ាក់សាំងនេះ ព្រោះថាវ៉ាក់សាំងកូវីដ-១៩មានតម្លៃណាស់សម្រាប់ការពារអាយុជីវិតរបស់ពួកគាត់ ដែលខុសគ្នាពីការធ្វើសង្រ្គាមលើសមរភូមិដែលយើងអាចដឹង និងមើលឃើញទីតាំងសត្រូវ។
សូមបញ្ជាក់ផងដែរថា៖ ចំពោះអតីតយុទ្ធជនដែលត្រូវចាក់វ៉ាក់សាំងទាំងអស់ទូទាំងខេត្តព្រៃវែងមានចំនួន ៣,៤០៨ នាក់ ហើយនៅស្រុកកំចាយមារនេះមានអតីតយុទ្ធជនប្រមាណជិត៧០០នាក់៕
ដោយ៖ សិលា