ទីប្រឹក្សាសន្តិសុខជាតិ លោកស្រីអោងសាន ស៊ូជី នៅថ្ងៃទី១២ខែមេសា បានរងការចោទប្រកាន់ថ្មី ខណៈដែលរដ្ឋាភិបាលយោធាបានចាត់វិធានការយ៉ាងតឹងតែងបំផុតទៅលើក្រុមបាតុករប្រឆាំងបណ្តាលឲ្យមានអ្នកស្លាប់និងរបួសជាច្រើន ។
លោកស្រីស៊ូជី មិនដែលបង្ហាញខ្លួននៅទីសាធារណៈឡើយ ចាប់តាំងពីទាហានធ្វើរដ្ឋប្រហារនៅថ្ងៃទី១ខែកុម្ភៈមក។
មេធាវីរបស់លោកស្រី គឺលោក Min Min Soe និយាយទៅកាន់សារព័ត៌មាន AFP ថា «លោកស្រី អោងសាន ស៊ូជី ជាថ្មីម្តងទៀត រងការចោទប្រកាន់តាមមាត្រាទី២៣ស្តីពីច្បាប់គ្រប់គ្រង គ្រោះធម្មជាតិ។ លោកស្រីស៊ូជីរងការចោទប្រកាន់បទល្មើស៦ករណីផ្សេងគ្នា ក្នុងនោះមាន៥ករណីនៅរដ្ឋធានីណៃពិដោ និងមួយករណីនៅទីក្រុង Yangon»។
ពាក់ព័ន្ធស្ថានភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ានេះដែរ មានការប៉ះទង្គិចគ្នាយ៉ាងខ្លាំងនៅព្រំដែនជាប់ប្រទេសឥណ្ឌាបណ្តាលឲ្យមានអ្នកស្លាប់និងរបួសរាប់សិបនាក់ ។ តាមប្រភពព័ត៌មានបានឲ្យដឹងថា មានការផ្ទុះអាវុធដាក់គ្នានៅតំបន់ Tamu និង Sagaingនៅជាប់ព្រំដែនប្រទេសឥណ្ឌា បណ្តាលឲ្យមានទាហានមីយ៉ាន់ម៉ា១៨នាក់ស្លាប់ ។
ស្ថានភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ាកាន់តែតានតឹងពីមួយថ្ងៃទៅមួយថ្ងៃ ខណៈមានការប៉ះទង្គិចគ្នាដោយអាវុធកើតឡើងជាបន្តបន្ទាប់រវាង កម្លាំងទាហានក្រុមជនជាតិភាគតិចនិងយោធាមីយ៉ាន់ម៉ា ។ មកទល់ពេលនេះមានពលរដ្ឋ មីយ៉ាន់ម៉ាជាង៧០០នាក់ហើយបានស្លាប់ ដោយការបង្ក្រាបពីកម្លាំងទាហាន ៕
ដោយ ៖ធីរីណា(រូបភាព៖ VOV)