ព័ត៌មានទាន់ហេតុការណ៍៖

សមាគមធនាគារនៅកម្ពុជា​ និង​ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា​ ចេញសេក្តីថ្លែងការណ៍បន្ថែម​ លេីកិច្ចខិតខំប្រឹងប្រែងជួយអតិថិជនដែលរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩

ចែករំលែក៖

ភ្នំពេញ​ ៖​ នៅថ្ងៃ​ទី១២ ខែមេសា ឆ្នាំ​២០២១ម្សិលមុិញនេះ​ សមាគមធនាគារនៅកម្ពុជា (ABC) និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) បាន​ចេញ​សេចក្ដី​ថ្លែងការណ៍រួម​​មួយដើម្បី​ សូមថ្លែងអំណរគុណ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រកម្ពុជា ដែលបានគាំទ្រដល់វិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុ ក្នុងកិច្ចខិតខំប្រឹងប្រែងជួយអតិថិជនដែលរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ តាមរយៈសន្ទរកថានាព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១។

តបទៅនឹងអនុសាសន៍ដ៏ខ្ពង់ខ្ពង់​របស់សម្តេចអគ្គមហាសេនាបតីតេជោ ដែលសមាគមទាំងពីរ​ សូមទទួលយក និងអនុវត្តតាម ដោយធ្វើបច្ចុប្បន្នភាពកែសម្រួលបន្ថែមនូវគោលការណ៍ដែលបានចេញផ្សាយកាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ ដល់អតិថិជនដែលឆ្លងជំងឺកូវីដ-១៩ ដោយបានលើកលែងការបង់ការប្រាក់រយៈពេល២ខែ ហើយសម្រាប់អតិថិជនដែលជាប់ធ្វើចត្តាឡីស័កនឹងផ្ដល់ការរៀបចំឥណទានឡើងវិញដោយស្វ័យប្រវត្តិ (ប្រសិនបើអតិថិជនយល់ព្រម) រួមទាំងពន្យារការបង់ទាំងប្រាក់ដើមរយៈពេល៣ខែ។ ដោយឡែកក្នុងករណីចាំបាច់នានាដែលជាតម្រូវការរបស់អតិថិជនដែលរងផលប៉ះពាល់ដោយជំងឺកូវីដ-១៩ សូមធ្វើការពិភាក្សាដោយផ្ទាល់ជាមួយគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ។

សមាគមសូមបញ្ជាក់ជំហរជាថ្មីថា ក្នុងរយៈពេលដ៏លំបាកនេះ នឹងមិនមានការផាកពិន័យចំពោះអតិថិជនដែលរងផលប៉ះពាល់ដោយជំងឺកូវីដ-១៩។

ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរខាងមុខ យើងខ្ញុំសូមឧទ្ទិសបួងសួងដល់ ទេវតាឆ្នាំថ្មីគុណព្រះរតនត្រ័យនិងវត្ថុស័ក្តិសិទ្ធិទាំងឡាយ​ក្នុងលោក សូមតាមជួយថែរក្សាបីបាច់ជូនដល់ប្រមុខរាជរដ្ឋាភិបាល អាជ្ញាធរ​មានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ អតិថិជន និងសាធារណជនទាំងអស់ សូមប្រកបដោយសុខភាពល្អបរិបូរណ៏ និងជោគជ័យក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នេះ៕

ដោយ៖ វណ្ណៈ

 


ចែករំលែក៖