ភ្នំពេញ៖ បេីយោងតាមលិខិតរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១នេះ ប្រកាសអំពីករណីជនជាតិបារាំងម្នាក់អាយុ៨៦ឆ្នាំ ស្លាប់ដោយសារជំងឺកូវីដ-១៩។
នៅក្នុងសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា យោងតាមរបាយការណ៍ពីមន្ទីរពេទ្យជោរៃ បានឱ្យដឹងថា បុរសជនជាតិបារាំងអាយុ៨៦ឆ្នាំ រស់នៅសង្កាត់សំរោង ខណ្ឌព្រែកព្នៅរាជធានីភ្នំពេញ បានចូលមកមន្ទីរពេទ្យ នាថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង១២៖០០នាទី ថ្ងៃត្រង់ ។
អ្នកជំងឺខាងលើបានចូលមកដល់មន្ទីរពេទ្យនៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១២៖០០នាទី ជាមួយនឹងស្ថានភាពស្លាប់បាត់បង់ជីវិតរួចទៅហើយ មុនពេលចូលដល់មន្ទីរពេទ្យ។ ដោយជាករណីសង្ស័យសពត្រូវបានយកសំណាកធ្វើវិភាគ ជាលទ្ធផលបញ្ជាក់ថាសពមានវិជ្ជមានកូវីដ-១៩ បញ្ជាក់ដោយមន្ទីរពិសោធន៍ជាតិសុខភាពសាធារណៈ នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១។
ដោយឡែកការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យជំនាញ បានបញ្ជាក់ថា បុរសជនជាតិបារាំងអាយុ ៨៦ឆ្នាំ ខាងលើនេះបានស្លាប់បាត់បង់ជីវិត ដោយសារជំងឺកូវីដ-១៩ មុនពេលចូលដល់មន្ទីរពេទ្យ។
ជាមួយគ្នានេះ ក្រសួងសុខាភិបាល សូមចូលរួមចំណែកសោកស្តាយជាពន់ពេក និងសូមចូលរួមមរណទុក្ខយ៉ាងក្រៀមក្រំជាទីបំផុត ជាមួយក្រុមគ្រួសារសព៕ដោយ៖ ស តារា