ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលខេត្តឧត្ដរមានជ័យ ប្រកាសស្ដីពីការរកឃើញ ករណីជនជាតិថៃ ម្នាក់វិជ្ជមានកូវីដ-១៩ និងអ្នកពាក់ព័ន្ធស្នាក់នៅភូមិបុរីរដ្ឋបាល សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ

ចែករំលែក៖

ខេត្តឧត្តរមានជ័យ៖ នៅយប់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ រដ្ឋបាលខេត្តឧត្តរមានជ័យចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការរកឃើញ ករណីជនជាតិថៃ ម្នាក់វិជ្ជមានកូវីដ-១៩ និងអ្នកពាក់ព័ន្ធស្នាក់នៅភូមិបុរីរដ្ឋបាល សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ។

រដ្ឋបាលខេត្តឧត្តរមានជ័យ មានកិត្តិយសសូមជម្រាបជូនសាធារណជន និងបងប្អូនប្រជាពលរដ្ឋរស់ នៅក្នុងខេត្តឧត្តរមានជ័យ ពិសេសបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងក្រុងសំរោង ខេត្តឧត្តរមានជ័យមេត្តាជ្រាបថា រដ្ឋបាលខេត្តបានទទួលព័ត៌មានពីភាគីថៃករណ៏រកឃើញវិជ្ជមានកូវីដ-១៩ លើបុគ្គលឈ្មោះ គិទិ ស្រុីសុំាង (Kittl Srisang) និងអ្នកពាក់ព័ន្ធស្នាក់នៅភូមិបុរីរដ្ឋបាល សង្កាត់សំរោង ក្រុងសំរោង។

បុគ្គលឈ្មោះ គិទិស្រីសាំង ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិថៃ (សុរិន្ទ) មុខជំនាញជាងជួសជុល គ្រឿងចក្រ បានធ្វើដំណើរពីប្រទេសថៃនាថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ តាមច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ មកស្នាក់នៅ តាមអាសយដ្ឋានដែលបានរៀបរាប់ខាងលើ (មុនប្រទេសថៃបិទការឆ្លងចេញ-ចូល)។លុះដល់ថ្ងៃ ទី០៥ ខែមេសា ឆ្នាំ២០២១ បុគ្គលរូបនេះបានត្រឡប់ចូលប្រទេសថៃវិញតាមច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ ត្រូវបានអាជ្ញាធរថៃយកធ្វើចត្តាឡីស័ក និងយកសំណាកធ្វើតេស្តក៏ទទួលបានលទ្ធផលវិជ្ជមានជំងឺកូវីដ-១៩ ពី មន្ទីរពិសោធន៍ប្រទេសថៃនាថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១។ តាមការស្រាវជ្រាវគាត់មានអ្នកប៉ះពាល់ផ្ទាល់ ចំនួន ០៤នាក់គឺៈ ១.ឈ្មោះ គង់ ពៅ (ហៅប៉ាត់) ភេទប្រុស អាយុ៣៤ឆ្នាំ នៅផ្ទះជួល ស្ថិតនៅភូមិបុរីរដ្ឋបាល សង្កាត់សំរោង មុខរបរ ជាងជួសជុលត្រាក់ទ័រ, ២.ឈ្មោះ អ៊ឹម កាន់ដ្រា ភេទស្រី អាយុ២៥ឆ្នាំ (ប្រពន្ធលោក គង់ ពៅ) ៣.កុមារ៉ា ផានៈ គ្រិនសំប៊ូន អាយុ២ឆ្នាំ (កូន), ៤.កុមារី ណាត់តាឆា សំប៊ូន អាយុ១ឆ្នាំ (កូន) និង អ្នកប៉ះពាល់ប្រយោលមានហានិភ័យខ្ពស់ចំនួន៤០នាក់ផ្សេងទៀត។ អ្នកទាំង៤៤បានយកសំណាកបញ្ចូនទៅ វិភាគនៅរាជធានីភ្នំពេញ និងរង់ចាំលទ្ធផល។

រដ្ឋបាលខេត្តសូមអំពាវនាវយ៉ាងទទូច ស្នើសុំឲ្យបងប្អូនប្រជាពលរដ្ឋដែលមានការពាក់ព័ន្ធដោយ ផ្ទាល់ ឬដោយប្រយោលជាមួយបុគ្គល គិទិ ស្រុីសុំាង និងអ្នកពាក់ព័ន្ធខាងលើត្រូវដាក់ខ្លួនដាច់ដោយឡែករយៈ ពេល១៤ថ្ងៃ ឬមានរោគសញ្ញាក្អក ផ្តាសាយ ហៀរសំបោរ ឈឺបំពង់ក ថប់ដង្ហើម ក្តៅខ្លួនខ្លាំង ឬរោគសញ្ញា សង្ស័យផ្សេងៗទៀត សូមធ្វើការទំនាក់ទំនងក្រុមការងារប្រចាំការ និងយកសំណាកដែលមានទីតាំងស្ថិតនៅ មន្ទីរពេទ្យបង្អែកខេត្ត ឬទំនាក់ទំនងសាកសួរព័ត៌មានផ្សេងៗតាមរយៈលេខទូរស័ព្ទ១១៥ ដោយឥតគិតថ្លៃ ឬ ក្រុមការងារឆ្លើយតបបន្ទាន់របស់មន្ទីរសុខាភិបាលខេត្ត លេខទូរស័ព្ទ ០១២ ៤៩៩ ១៩២។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋជ្រាបជាព័ត៌មាន និងចូលរួមអនុវត្តឲ្យ បានខ្ជាប់ខ្ជួននូវវិធានការការពារតាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការទប់ស្កាត់ការពារជំងឺកូវីដ-១៩ “ ៣ការពារ ៣កុំ ” ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖