ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋលេខាធិការ ក្រសួងព័ត៌មានលោក ម៉ៅ អាយុទ្ធ ទទួលមរណភាពដោយសារជំងឺកូវីដ-១៩

ចែករំលែក៖

     ភ្នំពេញ ៖ បើតាមលោក ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុក អគ្គនាយក អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ នៃក្រសួងព័ត៌មានបញ្ជាក់ប្រាប់បណ្តាញសារព័ត៌មាននៅមុននេះបន្តិចអោយដឹងថា លោក ម៉ៅ អាយុទ្ធ រដ្ឋលេខាធិការ ក្រសួងព័ត៌មាន បានទទួលមរណភាព នៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត (ពេទ្យរុស្ស៉ី) នៅវេលាម៉ោងប្រមាណ៦ល្ងាចថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១នេះ ដោយសារជំងឺកូវីដ-១៩។

សូមជម្រាបជូនថា, លោក ម៉ៅ អាយុទ្ធ ដែលមានអាយុ៧៧ឆ្នាំ រស់នៅភូមិ០៧ សង្កាត់បឹងរាំង ខណ្ឌដូនពេញ បានបានឆ្លងកូវីដ១៩ ហើយបានចូលសម្រាកនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១។

លោក ម៉ៅ អាយុទ្ធ ត្រូវបានគេស្គាល់ថា លោកជាមន្រ្តីជាន់ខ្ពស់ម្នាក់ និងជាផលិតករភាពយន្តដ៏ល្បីល្បាញមួយ ក្នុងចំណោមផលិតករជើងខ្លាំងដទៃទៀត ដោយមានស្នាដៃជាច្រើនក្នុងវិស័យសិល្បៈខ្មែរ ក្នុងនោះមានស្នាដៃផលិតខ្សែភាពយន្តខ្សែវីដេអូចម្រៀងកាយវិការកំណាព្យប្រលោមលោកជាដើម។

ខ្សែភាពយន្តដ៏ល្បី ដែលជាស្នាដៃរបស់លោក និងមានភាពល្បីល្បាញនោះ គឺរឿង «នេសាទក្រពើ» កាលពីអំឡុងឆ្នាំ២០០៣ និងរឿង «ហ្លួងព្រះស្តេចកន» កាលពីឆ្នាំ២០១៦កន្លងទៅ។

លោក គឹម គុណវឌ្ឍន៍ រដ្ឋលេខាធិការ ក្រសួងព័ត៌មាន បានថ្លែងថា, គ្មានអ្វីដែលខ្ញុំសញ្ជឹងគិតយ៉ាងឆ្ងាយនៅវេលានេះជាងពេលណាៗទាំងអស់ ដោយសារតែ រៀមច្បងដ៏ល្បី ដ៏សំខាន់ក្នុងវិស័យ ទូរទស្សន៍ជាតិ និង ភាពយន្ត របស់ខ្មែរ គឺ លោក ព្រឹទ្ធាចារ្យ ម៉ៅ អាយុទ្ធ ដែលរូបលោកជាគ្រូបាធ្យាយ៍ដ៏ច្បងមួយរូប លោកបានបណ្តុះដល់អ្នកបន្តវេន យ៉ាងច្រើនលើសលប់នៅក្នុងវិស័យនេះ រួមមានទាំងរូបខ្ញុំ និង លោក លោកស្រីជា តារាភាពយន្ត , អ្នកអត្ថាធិប្បាយ , អ្នកថតវីឌីអូ កាមេរ៉ាថ្នាក់អន្តរជាតិ, អ្នកសម្តែង និងអ្នកកវីនិពន្ធ រាប់រយ ពាន់នាក់ ។
លោកបន្តថា, ខ្ញុំចងចាំកំណាព្យរបស់ លោក« ប្រភេទ លុយ »  និងស្នាដៃវណ្ណកម្មភាពយន្តខ្មែរមានដូចជារឿង ទឹករាំផ្ការាំ, បិទភ្នែក ហែកទ្រូង, ចិត្តចងចាំ, ឆ្អឹងអណ្តែត, នេសាទក្រពើ, ហ្លួងព្រះស្តេចកន និងខ្សែភាពយន្តប្រចាំស.វ « កូនប្រុស ក្រោមពន្លឺចន្ទ» ដែលលោកកំពុងតែដឹកនាំថត គឺជាមរតកអរូបី ដែលខ្មែរសូមចងចាំជានិច្ច ។ នៅក្នុងរូបថតមួយចំនួនដែលបង្ហាញភ្ជាប់ទាំងនេះ គឺខ្ញុំសូមបញ្ចើចបញ្ចើដល់ព្រហ្មលិខិត ម្តេចក៏អ្នកមិនផ្តល់ឱកាសឲ្យយើងខ្ញុំបានទៅផ្ទាល់ឱនគោរពវិញ្ញាណខន្ធរៀមច្បង ដែលជាគ្រូដ៏ឆ្នើមរបស់យើងខ្ញុំ ។
លោករដ្ឋលេខាធិការបានក៏លើកឡើងថា, ខ្ញុំ សូមគោរពឧទ្ទិសដល់ឥន្ទព្រហ្ម ទេវតា សូមយោងយកវិញ្ញាណខន្ធ រៀមច្បង ឯកឧត្តម ម៉ៅ អាយុទ្ធ ទៅតម្កល់នៅឯឋានបរមសុខជាទីស្ងប់ដ៏សុខសាន្ត ។ ខ្ញុំបាទ កឹម គុណវឌ្ឍន៍ ជាកូនចៅ ជាសិស្ស សូមគោរពសព និងវិញ្ញាណខន្ធព្រឹទ្ធាចារ្យ ម៉ៅ អាយុទ្ធ ពីចម្ងាយ ដោយ ក្តីសោកសៅជាទីបំផុត ៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖