ភ្នំពេញ៖ បើយោងតាមបណ្ដាញសង្គមហ្វេសប៊ុករបស់លោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការរដ្ឋសភាទទួលបន្ទុក អប់រំ យុវជន កីឡា ទេសចរណ៍ ធម្មការ កិច្ចការសាសនា និង វប្បធម៌ បានសរសេរបង្ហោះនៅព្រឹកថ្ងៃសៅរ៍ទី១៧ ខែមេសា ឆ្នាំ២០២១នេះថា៖ បើទោះបីជាពេលវេលានេះមិនអនុញ្ញាតឱ្យយើងជួបគ្នាដោយផ្ទាល់ក្តី ខ្ញុំសូមឆ្លៀតឱកាសនេះផ្តាំផ្ញើសាកសួរសុខទុក្ខ ក៏ដូចជាថ្លែងអំណរគុណសារជាថ្មីម្តងទៀតដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តទាំងអស់ ដែលបានលះបង់ទាំងកម្លាំងកាយ ចិត្តចូលរួមជាមួយយុទ្ធនាការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ របស់រាជរដ្ឋាភិបាល។
លោក ហ៊ុន ម៉ានី បានបញ្ជាក់បន្ថែមថា “ខ្ញុំសូុមកោតសរសើរដល់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត និងសមាជិក សមាជិកា ស.ស.យ.ក. ដែលកំពុងបំពេញភារកិច្ចនៅតាមទីតាំងចាក់វ៉ាក់សាំងទាំងអស់ ដែលបានខិតខំប្រឹងប្រែង ដោយទុកការនឿយហត់ ការភ័យខ្លាយទុកមួយឡែក។ ជាពិសេស អ្វីដែលមិនអាចបំភ្លេចបាននោះ គឺការផ្តល់ភាពកក់ក្តៅ និងស្នាមញញឹមទៅដល់បងប្អូនប្រជាពលរដ្ឋដែលបានចូលមកទទួលវ៉ាក់សាំង”។
ក្នុងកាលៈទេសៈ ដែលយើងកំពុងអនុវត្តសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ស្តីពី ការបិទខ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាលនេះ ខ្ញុំក៏សូមសម្តែងនូវសេចក្តីថ្លែងអំណរគុណជូនដល់បងៗអាជ្ញាធរដែនដី កងកម្លាំងសមត្ថកិច្ចដែលកំពុងអនុវត្តយ៉ាងម៉ឺងម៉ាត់នូវវិធានការណ៍ទាំងឡាយនេះ ដើម្បីការពារអាយុជីវិត សុខភាពប្រជាពលរដ្ឋគ្រប់រូប សំដៅធ្វើយ៉ាងណាទប់ទល់ជាមួយគ្រោះថ្នាក់ដ៏កាចសាហាវ។ កិច្ចខិតខំប្រឹងប្រែងទាំងនេះ ច្បាស់ណាស់គឺធ្វើដើម្បីសុខសុវត្ថិភាពរបស់បងប្អូន និងសហគមន៍តែប៉ុណ្ណោះ។
ដូច្នេះសូមបងប្អូនចូលរួមសហការ និងអនុវត្តឱ្យបានម៉ឺងម៉ាត់ ដើម្បីយើងអាចឈានទៅបិទបញ្ចប់ព្រឹត្តិការណ៍ឆ្លងសហគមន៍ ២០កុម្ភៈ ជាស្ថាពរកាន់តែឆាប់។ ទាំងអស់គ្នា រួមគ្នា យើងនឹងឆ្លងផុតគ្រោះលំបាកជាមួយគ្នា! ៕
រូបភាព៖ ហ្វេសប៊ុកផ្លូវការរបស់លោកហ៊ុន ម៉ានី