ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងនគរបាលខេត្តបន្ទាយមានជ័យបញ្ជូនជនសង្ស័យ០២នាក់នាំមនុស្សឆ្លងដែនខុសច្បាប់ទៅសាលាដំបូងខេត្ត

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ជនសង្ស័យ២នាក់ ត្រូវបានកម្លាំងនគរបាលការិយាល័យ ប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ រៀបចំសំណុំរឿងពីបទនាំមនុស្សឆ្លងដែនខុសច្បាប់ បញ្ជូនខ្លួនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំជ ២០២១ ។

ជនសង្ស័យទាំង០២នាក់ ម្នាក់ឈ្មោះ រ៉ម សួន ភេទប្រុសអាយុ ៤៩ឆ្នាំ ជាអ្នកបើករថយន្តម៉ាកនីសាន់មួយបាំងកន្លះ ពណ៌ ក្រហម ពាក់ស្លាកលេខ ក.៦០៧៦ ភ្នំពេញ២ មានទ្រុងដែក និងម្នាក់ទៀតឈ្មោះ អ៊ូច សុជា ភេទប្រុសអាយុ ៤២ឆ្នាំ ជាអ្នករួមដំណើរ អ្នកទាំង០២ មានទីលំនៅភូមិអូរស្ងាត់ ឃុំ ត្រពាំងព្រលិត ស្រុកសំពៅ លូន ខេត្តបាត់ដំបង ។

ជនទាំង០២នាក់នេះ បានធ្វើសកម្មភាពដឹកពលករខ្មែរប្រុស ស្រី ចំនួន០៧នាក់ មានទីលំនៅភូមិបឹងឃ្លាំង ឃុំតាឡំ  ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ បំរុងនាំឆ្លងដែនទៅប្រទេសថៃ ហើយត្រូវបានកម្លាំងនគរបាលស្រុកម៉ាឡៃ សហការជាមួយកម្លាំងកងរាជអាវុធហត្ថស្រុកម៉ាឡៃ ធ្វើការឃាត់ខ្លួននៅវេលាម៉ោងម៉ោង១២និង២៥នាទីថ្ងៃទី១៧ខែមេសា ឆ្នាំ២០២១  ត្រង់ចំណុចប៉ុស្តិ៍ត្រួតពិនិត្យផ្លូវកងវិស្វកម្ម ស្ថិតក្នុងភូមិអូរសំព័រ ឃុំអូរសំព័រ  ស្រុកម៉ាឡៃ  រួចនាំខ្លួនទៅធ្វើការសួរនាំនៅអធិការដ្ឋាន ទាំងអ្នកបើកបររថយន្តនិងពលករប្រុសស្រីទាំង០៧នាក់។

លោកអធិការនគរបាលស្រុកម៉ាឡៃលោក ប៊េន សំអាតបញ្ជាក់ថា៖បើយោងតាមការបំភ្លឺរបស់ពលករទាំង០៧នាក់ បាននិយាយថា ពួកខ្លួនបានទំនាក់ទំនងជាមួយមេខ្យល់ ដើម្បីចេញទៅធ្វើការនៅប្រទេសថៃ បន្ទាប់មកក៏មានរថយន្តនីសាន់មួយបាំងកន្លះ ពណ៌ក្រហម មានទ្រុងដែក បើកបរដោយឈ្មោះ រ៉ម សួន បានមកដឹកពួកខ្លួនពីស្រុកមង្គលបូរី ទៅកាន់ស្រុកសំពៅលូន ខេត្តបាត់ដំបង ម្នាក់យកតម្លៃ៥០,០០០រៀល(ប្រាំម៉ឺនរៀល) ពេលមកដល់ត្រង់ចំណុចប៉ុស្តិ៍ត្រួតពិនិត្យផ្លូវកងវិស្វកម្ម ស្ថិតក្នុងភូមិអូរសំព័រ ឃុំអូរសំព័រ  ស្រុកម៉ាឡៃ ត្រូវបានសមត្ថកិច្ចឃាត់យកមកសួរនាំ ។ចំណែកឈ្មោះ រ៉ម សួន អ្នកបើកបររថយន្តបានបញ្ជាក់ថា ខ្លួនពិតជាដឹកពលករខ្មែរប្រុស ស្រីទាំង០៧នាក់ ពីស្រុកមង្គលបូរី ទៅកាន់ចំណុចផែស្ងួតរបស់លោកស្រី សុបិន្ត ស្ថិតក្នុងភូមិសាស្ត្រ  ស្រុកសំពៅលូន នោះពិតប្រាកដមែន ដោយយកតម្លៃម្នាក់៥០,០០០រៀល(ប្រាំម៉ឺនរៀល) ពេលមកដល់ចំណុចប៉ុស្តិ៍ត្រួតពិនិត្យផ្លូវកងវិស្វកម្ម ស្ថិតក្នុងភូមិអូរសំព័រ ឃុំអូរសំព័រ  ស្រុកម៉ាឡៃ ត្រូវបានសមត្ថកិច្ចឃាត់យកមកសួរនាំ ។

លោក ឡាយ គឹមលួន នាយការិយាល័យ ប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន បានបញ្ជាក់ថា៖ឈ្មោះ រ៉ម សួន អ្នកបើកបរនិងឈ្មោះ អ៊ូច សុជា អ្នករួមដំណើរ ជាមនុស្សប្រើប្រាស់នូវសារធាតុញៀន។ម្យ៉ាងដោយផ្អែកលើចម្លើយបំភ្លឺរបស់ពលករទាំង០៧នាក់និងមចម្លើយសារភាពរបស់ជន​សង្ស័យឈ្មោះរ៉ម សួន សមត្ថកិច្ចនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន បានបញ្ជូនខ្លួនពួកគេទាំង០២នាក់ទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

ដោយ៖ វណ្ណា


ចែករំលែក៖