ខេត្តស្វាយរៀង៖ កម្លាំងនគរបាលប្រចាំនៅគោលដៅឃុំក្រោលគោ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង បានឃាត់ខ្លួនបុរសម្នាក់ក្រោយលួចរត់ពន្ធមនុស្សឆ្លងពីរាជធានីភ្នំពេញដែលជាតំបន់បិទខ្ទប់ទៅកាន់ខេត្តស្វាយរៀងនៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១។
យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានបញ្ជាក់ថា នៅវេលាម៉ោង៥ទៀបភ្លឺថ្ងៃទី១៨ខែមេសាឆ្នាំ២០២១ ជនសង្ស័យដែលអះអាងថាខ្លួនជាអ្នកសារព័ត៌មានម្នាក់នៅស្រុករំដួលបានស្នើសុំសមត្ថកិច្ចយាមគោលដៅក្រោលគោ ស្រុកស្វាយជ្រំព្រំប្រទល់ស្វាយរៀង-ព្រៃវែង ទៅបំពេញបេសកកម្មនៅភ្នំពេញ (មានឯកសារគ្រប់គ្រាន់)។
របាយការណ៍បានបញ្ជាក់ទៀតថា ប៉ុន្តែពេលទៅដល់ភ្នំពេញ ជនសង្ស័យបានទៅលួចនាំយកពលករដែលទើបមកពីកូរ៉េ ២នាក់ (ចត្តាឡីស័ក១៤ថ្ងៃរួច) មកស្រុកកំណើត (ម្នាក់នៅស្វាយទាប ម្នាក់នៅរមាសហែក) ដោយយកតម្លៃម្នាក់១០០ដុល្លារ និងម្នាក់ទៀត២៥០ដុល្លារ។
បើតាមសមត្ថកិច្ចបានបន្ថែមទៀតថានៅពេលមកដល់គោលដៅក្រោលគោស្រុកស្វាយជ្រំនៅវេលាម៉ោង១រសៀលថ្ងៃទី១៨ខែមេសាឆ្នាំ២០២១ សមត្ថកិច្ចក៏បានធ្វើការសួរនាំ និងឃាត់ខ្លួនតែម្តង។
បច្ចុប្បន្ន សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅតុលាការធ្វើការផ្ដន្ទាទោសតាមច្បាប់៕
ដោយ៖ យឹម សុថាន