ព័ត៌មានទាន់ហេតុការណ៍៖

យុវជនមួយក្រុមឃើញយុវជនម្នាក់កាន់ទូរទស្សន៍ចោទថាចោរដេញវាយពេញផ្លូវ ត្រូវសមត្ថកិច្ចឃាត់ខ្លួនយកទៅប៉ុស្តិ៍

ចែករំលែក៖

     ភ្នំពេញ៖ យុវជនមួយក្រុមមានគ្នា៥នាក់ឃើញយុវជនម្នាក់ជាអ្នករើសអេតចាយកាន់ទូរទស្សន៍នៅដៃ ស្រាប់តែនាំគ្នាដេញវាយរួចស្រែកថាចោរៗ ផ្អើលពេញផ្លូវ ដោយចោទថាជាចោរចូលគាស់ផ្ទះប្រជាពលរដ្ឋ យកទូរទស្សន៍និងធុងបាស់ ត្រូវបានគណៈបញ្ជាការឯកភាពខណ្ឌដូនពេញដែលកំពុងល្បាតឃើញក៏ដេញតាមឃាត់បានទាំងអស់យកទៅសួរនាំ។

  ហេតុការណ៍ភ្ញាក់ផ្អើលនេះ កើតឡើងនៅម៉ោង១១និង៥០នាទីយប់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវព្រះមុនីវង្ស ខាងមុខសណ្ឋាគារភ្នំពេញ  ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

  ប្រភពព័ត៌មានពីជនរងគ្រោះអ្នករើសអេតចាយបានឱ្យដឹងថា នៅមុនពេលកើតហេតុខ្លួនបានដើររើសអេតចាយនៅជិតរង្វង់មូលកួចកាណុង ហើយក៏បានឃើញទូរទស្សន៍មួយគ្រឿងពណ៌ខ្មៅ គេបោះចោល រួចបានរើសមកកាន់យកទៅលក់នៅកន្លែងអេតចាយ។ រពេចនោះស្រាប់តែមានយុវជនមួយក្រុមមានស្រីមានប្រុសបានដេញវាយរូបគាត់ រួចស្រែកថាចោរៗ ធ្វើឱ្យរូបគាត់រត់មកដល់ចំណុចមុខសណ្ឋាគារភ្នំពេញ ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ តាមឃាត់ខ្លួនបានទាំងអស់ មានស្រីប្រុស៦នាក់ រួចដឹកយកទៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្រះចក ដើម្បីសួរនាំបន្ត។

  បន្ទាប់ពីការសួរនាំរួច ដោយយុវជនមួយក្រុមមានគ្នា៥នាក់នោះមានការយល់ច្រឡំ ដោយចោទយុវជននោះថាជាចោរ បន្ទាប់មកក៏សមត្ថកិច្ចអប់រំឲ្យទៅផ្ទះវិញរៀងៗខ្លួន៕

ដោយ៖ជ្រោយពេជ្រ


ចែករំលែក៖