ព័ត៌មានទាន់ហេតុការណ៍៖

មនុស្សប្រុសស្រី៣នាក់ប៉ងលោតទឹកសម្លាប់ខ្លួននៅលើស្ពានជ្រោយចង្វា តែសំណាងល្អមិនស្លាប់បានប្រជាពលរដ្ឋជួយសង្រ្គោះទាន់

ចែករំលែក៖

        ភ្នំពេញ៖ បុរសម្នាក់ខូចចិត្តរឿងសង្សារបែកចិត្តមកលោតទឹកសម្លាប់ខ្លួននៅលើស្ពានជ្រោយចង្វា តែសំណាងល្អមិនស្លាប់ត្រូវបានប្រជាពលរដ្ឋជួយទាន់ពេល។ លុះ មួយសន្ទុះក្រោយមកក៏មានសង្សារមួយគូទៀតឈ្លោះប្រកែកគ្នាពេញផ្លូវហើយក៏បានរត់មកលោតទឹកសម្លាប់ខ្លួននៅលើស្ពានជ្រោយចង្វាដែរ តែត្រូវបានសមត្ថកិច្ចប្រចាំការនៅគោលដៅស្ពានជ្រោយចង្វា ជួយឃាត់លួងលោមណែនាំឲ្យមកអង្គុយខាងក្រោមវិញ។

   ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើងនៅម៉ោង១០និង៤០នាទីយប់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ នៅលើស្ពានជ្រោយចង្វា សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

  ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញបុរសម្នាក់បានឈ្លោះគ្នាជាមួយនឹងសង្សារ។ បន្ទាប់មកឃើញគាត់កាន់នៅដៃមានខ្សែចំណង១ខ្សែ រួចរត់ឡើងទៅលើស្ពានជ្រោយចង្វា ក៏លោតទម្លាក់ខ្លួនចូលក្នុងទន្លេបាត់ តែសំណាងល្អត្រូវបានប្រជាពលរដ្ឋជួយសង្រ្គោះទាន់ពេល។

  ក្រោយកើតហេតុនេះរួចប្រមាណជា១០នាទីស្រាប់តែមានសង្សារមួយគូទៀតឈ្លោះគ្នាយំពេញផ្លូវជិតនឹងរង្វង់មូលកួចកាណុង ក៏រត់ឡើងស្ពានជ្រោយចង្វា ប៉ងលោតទឹកសម្លាប់ខ្លួនដែរ តែត្រូវបានសមត្ថកិច្ចប្រចាំការនៅគោលដៅគល់ស្ពានជ្រោយចង្វារត់ទៅឃាត់ហើយនិយាយលួងលោមឲ្យប្អូនទាំង២ត្រូវគ្នាវិញ។

  បន្ទាប់ពីកើតហេតុតាមការបញ្ជាក់ពីលោកមេប៉ុស្តិ៍ស្រះចក គឺជនរងគ្រោះទាំង៣នាក់មិនស្លាប់ទេ ត្រូវបានជួយសង្រ្គោះបានទាំងអស់ ហើយបានលួងលោមពន្យល់ណែនាំពួកគាត់ថ្ងៃក្រោយកុំគិតខ្លី រួចឲ្យពួកគាត់ត្រឡប់ទៅផ្ទះវិញរៀងៗខ្លួន៕

ដោយ៖ ជ្រោយពេជ្រ


ចែករំលែក៖