ខេត្តបាត់ដំបង៖ នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១នេះ លោក ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ក្រោយពេលបុណ្យចូលឆ្នាំថ្មីរួចរាល់ បានសម្រេចបន្តបិទផ្នែកខាងក្នុងផ្សារ (តួផ្សារ) នៃផ្សារចំនួន៨ ក្នុងក្រុងបាត់ដំបង និងផ្សារក្នុងស្រុកថ្មគោល ២កន្លែងទៀត ជាបណ្ដោះអាសន្ន រយៈពេល៨ថ្ងៃ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ខាងមុខនេះ។
ជាក់ស្ដែងនៅក្នុងសេចក្ដីសម្រេចរបស់រដ្ឋបាលខេត្ត បានបញ្ជាក់ថាផ្សារចំនួន៨ នៅក្រុងបាត់ដំបង និងផ្សារចំនួន០២ នៅក្នុងថ្មគោល ដែលត្រូវបន្តបិទបណ្ដោះអាសន្ននោះរួមមាន៖
-ទី១៖ ផ្សារធំបាត់ដំបង (ផ្សារណាត់)
-ទី២៖ ផ្សារបឹងឈូក
-ទី៣៖ ផ្សារ១៣មករា
-ទី៤៖ ផ្សារអប្សារផ្សារលើ
-ទី៥៖ ផ្សាររោងល្ខោន
-ទី៦៖ ផ្សារវត្តលៀប
-ទី៧៖ ផ្សារពោធិ៍វង្ស
-ទី៨៖ ផ្សារទំនើបភូពុយ។
ដោយឡែកត្រូវបិទផ្សារនៅស្រុកថ្មគោលចំនួន២ ទៀតរួមមាន៖ ទី១,ផ្សារថ្មគោល និងទី២, ផ្សារជ្រៃក្នុងស្រុកថ្មគោលមានរយៈពេល៨ថ្ងៃ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ដូចគ្នា។
បន្ថែមពីនេះ រដ្ឋបាលខេត្ត បានបន្ថែមទៀតថា ទីតាំងផ្សារទាំង១០នេះ ត្រូវបានអនុញ្ញាតឱ្យលក់នៅផ្នែកខ្លះនៃបរិវេណខាងក្រៅផ្សារដូចជា៖ បន្លែ ត្រី សាច់គ្រឿងឧបភោគ បរិភោគ ដែលជាតម្រូវការចាំបាច់រស់នៅប្រចាំថ្ងៃដោយអនុវត្តនូវវិធានការសុខាភិបាលក្នុងការរក្សាគម្លាតសុវត្ថិភាពដោយ ពាក់ម៉ាស និងលាងដៃ និងត្រូវអនុវត្តតាមវិធានការ «៣កុំ និង៣ការពារ» របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា៕
ដោយ៖ សហការី