បាល់ទាត់នៅតំបន់អឺរ៉ុបត្រូវបានធ្វើឱ្យរង្គោះរង្គើដោយសារមានសេចក្ដីជូនដំណឹងនៃពានរង្វាន់ European Super League ដែលមហិច្ឆតារបស់ពួកគេហាក់ដូចជាទទួលបានហិរញ្ញវត្ថុច្រើនជាងអ្វីផ្សេងទៀត។ ពោលគឺប្រាក់រង្វាន់អាចច្រើនជាង៣ដងនៃប្រាក់រង្វាន់ក្នុងក្របខ័ណ្ឌ Champions League ទៅទៀត ។
យោងតាមការចេញផ្សាយរបស់សារព័ត៌មានអេស្ប៉ាញ MARCA បានឲ្យដឹងថា ក្លិបនីមួយៗដែលចូលរួមក្នុងក្របខ័ណ្ឌ European Super League នឹងទទួលបានទឹកប្រាក់ចំនួន៣,៥ពាន់លានអឺរ៉ូដើម្បីចាប់ផ្តើមជាមួយធនាគារអាមេរិក JP Morgan ដឹកនាំការគាំទ្រផ្នែកហិរញ្ញវត្ថុនៃគម្រោងនេះ។
ក្លិបដែលឈ្នះពានរង្វាន់លីគ European Super League អាចនឹងមានប្រាក់ជិតដល់៤០០លានអឺរ៉ូបើប្រៀបធៀបទៅនឹងទឹកប្រាក់១២០លានអឺរ៉ូដែលត្រូវបានផ្តល់ទៅឱ្យក្រុមដែលឈ្នះជើងឯក Champions League ក្នុងមួយឆ្នាំ។ ក្រុម Barcelona ដែលឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្នុងឆ្នាំ២០១៩ ទទួលបានប្រាក់រង្វាន់ ១១៧លានអឺរ៉ូ។
ចំណែកប្រាក់នៅសល់ចំនួន១,៩៥ពាន់លានអឺរ៉ូក្នុងក្របខ័ណ្ឌអឺរ៉ុប Super League (២៥ភាគរយ) នឹងត្រូវបង់ជាការទូទាត់ដំបូង និង៥៨៥លានអឺរ៉ូទៀតផ្អែកលើលទ្ធផល។ ៣០ភាគរយទៀតនៃការបង់ប្រាក់នឹងត្រូវផ្អែកលើមេគុណរបស់ក្លិបដែលសម្រេចបានក្នុងរយៈពេល១០ឆ្នាំកន្លងមក។ ប្រការនេះគឺមានប្រាក់ទុក២៩២លានអឺរ៉ូ (១៥ភាគរយ) ដើម្បីទុកធ្វើជាប្រាក់បន្ថែម។
តួលេខទាំងនេះមិនត្រូវបានបញ្ជាក់ដោយ European Super League នោះទេ ប៉ុន្តែពួកគេស្ទើរតែស្មើនឹង៣ដងនៃប្រាក់ចំណូលដែលរកបានដោយក្លិបនៅ Champions League ។
គួរបញ្ជាក់ថា ក្រុមបាល់ទាត់ធំៗទាំង៦នៅអង់គ្លេសរួមមាន Arsenal, Chelsea, Liverpool, Manchester City, Manchester United និងTottenham បានយល់ព្រមចូលរួមលេងក្នុងកម្មវិធីថ្មីដែលមានឈ្មោះថា European Super League ឬហៅកាត់ ESL នេះ។
បច្ចុប្បន្នមានក្រុម១២ហើយនៅក្នុងតំបន់អឺរ៉ុបដែលបានចូលរួមលេងពានរង្វាន់ ESL ដោយរួមមានក្រុម AC Milan, Atletico Madrid, Barcelona, Inter Milan, Juventus, Real Madrid, Arsenal, Chelsea, Liverpool, Manchester City, Manchester United និងTottenham។ ក្លិបដែលបានបង្កើតពានរង្វាន់នេះឡើងបាន យល់ព្រមលេងនៅក្នុងពាក់កណ្តាលសប្តាហ៍នីមួយៗ ហើយពួកគេនៅតែបន្តលេងដណ្តើមពានរង្វាន់ប្រចាំប្រទេសរបស់ពួកគេរៀងៗខ្លួនដដែល។ កម្មវិធីESL នេះក៏គ្រោងនឹងបង្កើតពានរង្វាន់សម្រាប់បាល់ទាត់ស្រ្តីផងដែរនៅក្រោយពេលការប្រកួតរបស់ក្រុមបាល់ទាត់បុរសចាប់ផ្តើមដំណើរការ ៕ដោយ ៖ ភារៈ