ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលទាំងព្រឹកព្រលឹមខណៈអ្នកភូមិក៏ដូចជាក្មេងឃ្វាលក្របីប្រទះឃើញបុរសម្នាក់ស្លាប់ក្នុងរណ្ដៅដីដក់ទឹកដែលគ្រឿងចក្រជីកជ្រៅនិងរាយការណ៍ទៅសមត្ថកិច្ចឱ្យចុះមកពិនិត្យសពភ្លាមៗ។
ហេតុការណ៍ប្រទះឃើញសពនេះកើតឡើងកាលពីវេលាម៉ោង៦និង១៥នាទីព្រឹកថ្ងៃទី២០ ខែមេសា ឆ្នំា២០២១នៅចំណុចវាលស្រែ ក្នុងភូមិស្វាយអង្គ ឃុំស្វាយអង្គ ស្រុកស្វាយជ្រំ ។
សមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថាបុរសខាងលើមានឈ្មោះ ពៅ យ៉ង់ អាយុ២៤ឆ្នាំ មុខរបរកសិករ រស់នៅភូមិភូមិស្វាយអង្គ ឃុំស្វាយអង្គ ស្រុកស្វាយជ្រំ ។
ក្រោយពីមានសេចក្ដីរាយការណ៍ពីលោកមេភូមិភ្លាម សមត្ថកិច្ចស្រុកសហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលនិងគ្រូពេទ្យបានចុះមកដល់កន្លែងកើតហេតុពិនិត្យសពភ្លាមៗ ហើយសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយលង់ទឹកប្រាកដមែនដោយមិនមានអ្វីដែលសម្គាល់ថាជារឿងឃាតកម្មនោះឡើយ។
បើតាមអ្នកភូមិបានប្រាប់ថា មុនកើតហេតុនៅពេលយប់ថ្ងៃទី១៩ខែមេសាឆ្នាំ២០២១គេឃើញបុរសខាងលើនេះបានចេញពីផ្ទះដើម្បីដើរឆ្លុះកង្កែប ព្រោះមេឃភ្លៀងរលឹមស្រិចៗងាយស្រួលរកឆ្លុះ។
ប្រភពបន្តថា ក្រោយមកក្រុមគ្រួសារបាត់ជនរងគ្រោះមួយយប់មិនឃើញត្រលប់មកផ្ទះវិញទើបព្រឹកឡើងនាំគ្នាដើរស្វះស្វែងរកស្រាប់តែប្រទះឃើញស្លាប់ក្នុងរណ្ដៅទឹកអាអ៊ិចជីកជ្រៅបង្កការភ្ញាក់ផ្អើលតែម្ដង។
ក្រោយពីពិនិត្យរួចសពត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត៕
ដោយ៖ យឹម សុថាន