ខេត្តស្វាយរៀង៖ លោកតាអាយុ៨៨ឆ្នាំម្នាក់សង្ស័យតូចចិត្តនឹងខ្លួនមានជំងឺប្រចាំកាយព្យាបាលមិនបានធូរស្រាលក៏ដាច់ចិត្តគិតខ្លីចងកនឹងក្រមាភ្ជាប់នឹងមែកដើមស្វាយចន្ទីខាងក្រោយផ្ទះបង្កការភ្ញាក់ផ្អើលដល់ក្រុមគ្រួសារនិងអ្នកភូមិទាំងថ្ងៃរសៀល។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣និង ៤០នាទីរសៀលថ្ងៃទី២០ខែមេសាឆ្នាំ២០២១ស្ថិតក្នុងភូមិបឹង ឃុំត្រស់ ស្រុករមាសហែក។
សមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថាលោកតាគិតខ្លីមានឈ្មោះសូ កងអាយុ៨៨ឆ្នាំ រស់នៅភូមិបឹង ឃុំត្រស់ ស្រុករមាសហែក។
ប្រភពបន្តថា ក្រោយពីមានសេចក្ដីរាយការណ៍ពីលោកមេភូមិភ្លាម សមត្ថកិច្ចស្រុកសហការជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាលនិងគ្រូពេទ្យបានចុះមកដល់កន្លែងកើតហេតុពិនិត្យសពភ្លាមៗ ហើយសន្និដ្ឋានថា លោកតាសូ កងពិតជាចងកសម្លាប់ខ្លួនប្រាកដមែនដោយមិនមានអ្វីដែលសម្គាល់ថាជារឿងឃាតកម្មនោះទេ។លោកតាបានចងកនឹងក្រមាភ្ជាប់ទៅនឹងមែកស្វាយចន្ទីចម្ងាយប្រមាណ២០ម៉ែត្រខាងក្រោយផ្ទះ។
បើតាមក្រុមគ្រួសារបានប្រាប់សមត្ថកិច្ចថា លោកតាគាត់មានជំងឺប្រចាំកាយយូរឆ្នាំមកហើយព្យាបាលមិនបានធូរស្រាលសោះ ណាមួយគាត់មិនចង់ឱ្យកូនចៅបងប្អូនលំបាកមើលថែទើបសម្រេចចិត្តគិតខ្លីបែបនេះ។
សពលោកតាត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត៕
ដោយ៖យឹម សុថាន