ព័ត៌មានទាន់ហេតុការណ៍៖

សប្បុរសជនផ្ដល់អំណោយគ្រឿងឧបភោគបរិភោគដល់រដ្ឋបាលក្រុងបាវិតដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩

ចែករំលែក៖

ខេត្តស្វាយរៀង៖អំណោយជាគ្រឿងឧបភោគបរិភោគ១៥០កញ្ចប់ដែលជារបស់សប្បុរសជនរស់នៅក្រុងបាវិតបានផ្ដល់ជូនដល់រដ្ឋបាលក្រុងសម្រាប់ផ្ដល់ជូនបងប្អូនដែលធ្វើចត្តាឡីស័កនិងប្រជាពលរដ្ឋដែលក្រីក្រខ្វះខាតចំនួន៥ភូមិក្នុងសង្កាត់បាវិតដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ នៅរសៀលថ្ងៃទី២០ ខែមេសាឆ្នាំ២០២១។

   ក្នុងឱកាសនោះអាជ្ញាធរក្រុងបាវិតបានថ្លែងអំណរគុណចំពោះលោកគឹម ឡាយនិងអ្នកស្រីសុីវ ហេង ព្រមទាំងក្រុមគ្រួសារដែលជាប្រជាពលរដ្ឋរស់នៅភូមិតាបឹប សង្កាត់បាវិត ក្រុងបាវិតបានចូលរួមបរិច្ចាគនូវអំណោយជាគ្រឿងឧបភោគបរិភោគ

ជូនដល់រដ្ឋបាលក្រុងក៏ដូចជាក្នុងភូមិចំនួន៥ក្នុងសង្កាត់បាវិត ដែលសបញ្ជាក់ឱ្យឃើញនូវកាយវិការប្រកបដោយសប្បុរសធម៌ និងជាវប្បធម៌នៃការចែករំលែកទៅលើការជួយគ្នាក្នុងគ្រាមានទុក្ខលំបាកក្នុងអំឡុងពេលនៃការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។

  មន្ត្រីដដែលបានបញ្ជាក់ថា អំណោយដែលបានផ្ដល់ជូននេះ រដ្ឋបាលក្រុងបាវិតនិឹងយកទៅចាត់ចែងប្រើប្រាស់ក្នុងសកម្មភាពនានា រួមទាំងយុទ្ធនាការផ្សព្វផ្សាយអប់រំនូវវិធានការបង្ការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ការងារមនុស្សធម៌ ជួយដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

   លោកបន្ថែមថា ដើម្បីយកឈ្នះកូវីដ-១៩ សូមប្រជាពលរដ្ឋចូលរួមសហការអនុវត្តវិធានការ ៣ការពារ ៣កុំ ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីឲ្យបានខ្ជាប់ខ្ជួនបំផុត។

  សូមបញ្ជាក់ថា គ្រឿងឧបភោគបរិភោគសម្ភារដែលទទួលបានពីសប្បុរសជនរួមមានដូចជា មី៥០កេស ត្រីខ៥០០កំប៉ុង កាហ្វេ៥០ប្រអប់ ទឹកសុទ្ធ៥០យូួរផងដែរ៕

ដោយ៖យឹម សុថាន


ចែករំលែក៖