ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានវាយតម្លៃខ្ពស់ចំពោះការយកចិត្តទុកដាក់ និងការប្ដេជ្ញាចិត្តរបស់ប្រទេសចិន ក្នុងការអនុវត្ត«ផ្លូវសូត្រសុខភាព» ក្រោមគំនិតផ្ដួចផ្ដើមខ្សែក្រវាត់និងផ្លូវ និងតួនាទីឈានមុខក្នុងការផ្ដល់នូវថ្នាំពេទ្យ គ្រឿងបរិក្ខារ វេជ្ជសាស្ត្រ និងវ៉ាក់សាំងការពារកូវីដ-១៩ ទាន់ពេលវេលាទៅកាន់ប្រទេសជាច្រើន ដែលនេះជាសក្ខីភាពមួយយ៉ាងប្រចក្សអំពីភាពដឹកនាំសកលរបស់ប្រទេសចិន។
ក្នុងសុន្ទរកថាបើកវេទិកាបូអាវសម្រាប់អាស៊ី ក្រោមប្រធានបទ«ពិភពលោកក្នុងការផ្លាស់ប្ដូរ៖ រួមដៃគ្នាដើម្បីពង្រឹងអភិបាលកិច្ចសកល និងលើកកម្ពស់កិច្ចសហប្រតិបត្តិការខ្សែក្រវាត់និងផ្លូវ» តាមប្រព័ន្ធវីដេអូ នាព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា តាងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះរដ្ឋាភិបាល និងប្រជាជនចិន ដែលបានផ្ដល់ថ្នាំពេទ្យ គ្រឿងបរិក្ខារវេជ្ជសាស្ត្រ ក៏ដូជាវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចំនួន ២,៨លានដូស ដល់កម្ពុជាដែលក្នុងនោះ ចំនួន ១,៣លានដូស ជាជំនួយមនុស្សធម៌។
សម្ដេចតេជោនាយករដ្ឋមន្ត្រីថ្លែងថា ក្រៅពីជំងឺរាតត្បាតកូវីដ-១៩ ពិភពលោកកំពុងប្រឈមនឹងបញ្ហាជាច្រើនទៀត ដែលបណ្ដាលមកពីភាពតានតឹងនៃការប្រកួតប្រជែងភូមិសាស្ត្រនយោបាយរវាងប្រទេសមហាអំណាច ស្របពេលជាមួយនឹងការងើបឡើងនៃប្រទេសមហាអំណាចកណ្ដាល ដែលបានបោះជំហានយ៉ាងលឿននៅលើឆាកនយោបាយក្នុងតំបន់។
ក្នុងការលៈទេសៈដ៏សំខាន់នេះ សម្ដេចតេជោលើកឡើងថា ពិភពលោកពិតជាត្រូវការអភិបាលកិច្ចសកលមួយ ដែលគាំទ្រពហុភាគីនិយម និងច្បាប់អន្តរជាតិ និងអធិបតេយ្យភាពរបស់ប្រទេសនីមួយៗ ដែលមិនគិតពីទំហំ ឬធនធាន ដោយមានអង្គការសហប្រជាជាតិជាស្នូល។ សម្ដេចតេជោ ហ៊ុន សែន គូសបញ្ជាក់ថា កម្ពុជាទទួលស្គាល់នូវតួនាទីស្នូល នៃពហុភាគីនិយម ក្នុងការដោះស្រាយបញ្ហាប្រឈមពិភពលោក ដែលមានភាពស្មុគស្មាញ និងអន្តរទំនាក់ទំនង។ ក្នុងបរិការណ៍នេះ ប្រទេសនីមួយៗគួរតែដើរតួនាទីកាន់តែសកម្មនៅក្នុងអភិបាលកិច្ចសកល ដោយមានភាពបត់បែន ស្ថាបនា និងឥរិយាបថទទួលខុសត្រូវ។
ប្រទេសកម្ពុជា ក្នុងនាមជាប្រធាននៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ បានជ្រើសរើសយកមូលបទ«ពង្រឹងពហុភាគីនិយមដើម្បីកំណើនរួមគ្នា» ដើម្បីបង្ហាញពីការប្ដេជ្ញាចិត្តរបស់ដៃគូអាស៊ី-អឺរ៉ុបទាំងអស់ ដែលមិនត្រឹមតែជំរុញភាពជាដៃគូ ASEM សម្រាប់ផលប្រយោជន៍ទៅវិញទៅមកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលើកកម្ពស់អភិបាលកិច្ចសកល សំដៅពង្រឹងប្រព័ន្ធពហុភាគីនិយម ប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ និងស្ដារសេដ្ឋកិច្ចឡើងវិញបន្ទាប់ពីវិបត្តិកូវីដ-១៩។
សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានថ្លែងសង្កត់ធ្ងន់ ចក្ខុវិស័យអំពីការពង្រឹងបន្ថែមទៀតនូវគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវ ដែលមានសមត្ថភាពក្នុងការនាំមកនូវសាមគ្គីភាពក្នុងចំណោមប្រទេសទាំងអស់ ដើម្បីរួមចំណែកដល់ដំណើរការស្ដារឡើងវិញ។ សន្ទុះវិជ្ជមានដែលសម្រេចបានក្រោមគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវ ចាប់តាំងពីបង្កើតមក បានរួមចំណែកដល់ការជំរុញកិច្ចសហប្រតិបត្តិការនៅក្នុតំបន់ និងពិភពលោក លើហេដ្ឋារចនាសម្ព័ន្ធរឹង និងទន់ សេដ្ឋកិច្ច ពាណិជ្ជកម្ម កាលានុវត្តភាពវិនិយោគ ការផ្លាស់ប្ដូរវប្បធម៌ និងការតភ្ជាប់រវាងប្រជាជននិងប្រជាជន។ សម្តេចតេជោបានបន្ថែមថា ខណៈពេលនៃការធ្លាក់ចុះសេដ្ឋកិច្ចនេះ គំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវ នៅតែជាកម្លាំងជំរុញ ដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការក្នុងចំណោមប្រទេសនៅក្នុងតំបន់ និងពិភពលោកសម្រាប់បុព្វហេតុសន្តិភាព សន្តិសុខ វិបុលភាព និងការអភិវឌ្ឍប្រកបដោយចីរភាព៕
ដោយ៖ សូរិយា