ព័ត៌មានទាន់ហេតុការណ៍៖

Update ៖ រដ្ឋបាលខេត្តតាកែវ​ សម្រេចបិទខ្ទប់ភូមិជ្រោងស្តៅ​ ឃុំក្រាំងធ្នង់​ ស្រុកបាទី​ បន្ថែមទៀតដោយសារអ្នកជំងឺកូវីដ-១៩​ បានប៉ះពាល់ដោយផ្ទាល់​ និងប្រយោលជាមួយមនុស្សជាច្រេីននាក់

ចែករំលែក៖

ខេត្តតាកែវ៖ រដ្ឋបាលខេត្តតាកែវ​ សម្រេច ប្រការ១.ត្រូវបានបិទខ្ទប់ ភូមិជ្រោងស្តៅ នៃឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ ដែលជាតំបន់មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ បានប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោលជាច្រើននាក់ពាក់ព័ន្ធក្នុង * ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ២០២១ * ចាប់ពីវេលាម៉ោង ៧:០០នាទីព្រឹក ថ្ងៃទី ២១ ខែ មេសា ឆ្នាំ២០២១ រហូតដល់មានសេចក្តីសម្រេចជាថ្មី។ ក្នុងគោលបំណងធានាដល់ប្រសិទ្ធភាព នៃការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត្រ ដែលត្រូវបានបិទខ្ទប់ និងទប់ស្កាត់ជំងឺនេះមិនឱ្យឆ្លងរាលដាលទៅតំបន់ផ្សេងៗទៀត ។

ប្រការ២..ក្នុងកំលុងពេលនៃការអនុវត្តន៍វិធានការបិទខ្ទប់ បុគ្គលគ្រប់រូបត្រូវបានហាមឃាត់ការធ្វើដំណើរចេញ-ចូល លំនៅស្ថាន ឬ ទីសំណាក់បច្ចុប្បន្ន លើកលែងតែក្នុងករណីចាំបាច់ ដូចខាងក្រោម ៖

– ការធ្វើដំណើរទៅបំពេញការងារ ប្រកបមុខរបរ ឬ អាជីវកម្មក្នុងភូមិសាស្ត្រដែលត្រូវបានបិទខ្ទប់ និង ទីកន្លែងដែលមិនមានការហាមឃាត់ ដោយត្រូវភ្ជាប់មកជាមួយនូវលិខិតបំញ្ជាក់អំពីមុខងារ មុខរបរ ឬ អាជីវកម្ម ។

– មន្ត្រីរាជការសាធារណៈ ឬបុគ្គលិកឯកជន ដែលទទួលបានការអនុញ្ញាត ពីអាជ្ញាធរមានសមត្ថកិច្ច ។

 – ការធ្វើដំណើរទៅមន្ទីរពេទ្យ មណ្ឌលសុខភាព សម្ភព ទីកន្លែងព្យាបាល ឬឱសថស្ថាន ដោយមូលហេតុសុខភាពបន្ទាន់ ចេញក្រៅពីរង្វង់ភូមិសាស្ត្រដែលត្រូវបិទខ្ទប់នេះ អាចធ្វើទៅបានដោយមានការ អនុញ្ញាតពីអាជ្ញាធរដែលទទួលបន្ទុកអនុវត្តវិធានការបិទខ្ទប់ ។ 

– ការធ្វើដំណើរដើម្បីទៅបង្ហាញខ្លួន ដើម្បីឱ្យមន្ត្រីសុខាភិបាលធ្វើការយកវត្ថុសំណាកទៅវិភាគរកមេរោគកូវីដ-១៩ និងទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ តាមកាលកំណត់នៅក្នុងរង្វង់ភូមិសាស្ត្រដែលត្រូវបិទខ្ទប់។

 – ការធ្វើដំណើរ ដើម្បីចូលរួមក្នុងសកម្មភាពដែលបម្រើប្រយោជន៍សាធារណៈ ឬគោលបំណងចាំបាច់ ផ្សេងទៀត តាមការស្នើសុំ ឬ តាមការកំណត់របស់អាជ្ញាធរសាធារណៈ។

រាល់ការលើកលែងខាងលើ បុគ្គលគ្រប់រូបមានកាតព្វកិច្ចអនុវត្ដវិធានការសុខាភិបាល រួមមាន ការពាក់ ម៉ាស់ និងការរក្សាគម្លាតសុវត្ថិភាពបុគ្គល ព្រមទាំងប្រកាន់ខ្ជាប់នូវការធ្វើអនាម័យ សម្លាប់មេរោគ និងវាស់កម្ដៅ ដើម្បីប្រយុទ្ធទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ។

ប្រការ៣..ក្នុងកំលុងពេលនៃការអនុវត្តន៍វិធានការបិទខ្ទប់ ត្រូវបានហាមឃាត់រាល់ការជួបជុំ ឬ ការប្រមូលផ្តុំមនុស្ស លើកលែងតែក្នុងករណីចាំបាច់ ដូចខាងក្រោម ៖

– ការជួបជុំក្នុងចំណោមសមាជិកគ្រួសារដែលរស់នៅក្នុងលំនៅស្ថាន ឬ ទីសំណាក់ជាមួយគ្នា។

– ការរៀបចំពិធីបុណ្យសព ដោយគោរពតាមការកំណត់របស់អាជ្ញាធរមានសមត្ថកិច្ច។

– ការជួបជុំរបស់មន្រ្តីសុខាភិបាល ដើម្បីយកសំណាកបុគ្គលដែលពាក់ព័ន្ធដោយផ្ទាល់ឬដោយប្រយោល ជាមួយអ្នកផ្ទុកជំងឺកូវីដ-១៩ និងបំពេញការងារសង្គ្រោះបន្ទាន់ផ្សេងៗទៀត ។ 

– ការជួបជុំរបស់អាជ្ញាធរមានសមត្ថកិច្ច ឬ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលគ្រប់លំដាប់ថ្នាក់ក្នុងការបំពេញការងារថែរក្សាសន្តិសុខសណ្តាប់ធ្នាប់និងរបៀបរៀបរយសាធារណៈក្នុងភូមិសាស្ត្របិទខ្ទប់។ រាល់ការលើកលែងខាងលើ បុគ្គលគ្រប់រូបមានកាតព្វកិច្ចត្រូវអនុវត្តវិធានការសុខាភិបាល រួមមានការពាក់ម៉ាស់ ការរក្សាគម្លាតសុវត្ថិភាពបុគ្គល ព្រមទាំងប្រកាន់ខ្ជាប់នូវការធ្វើអនាម័យដើម្បីសម្លាប់មេរោគ ការវាស់កម្ដ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩។

ប្រការ៤..ក្នុងកំលុងពេល នៃការអនុវត្តន៍វិធានការបិទខ្ទប់ ត្រូវបានហាមឃាត់រាល់សកម្មភាពការងារ មុខរបរ ឬ អាជីវកម្ម ដែលមិនមែនជាតម្រូវការចាំបាច់ប្រចាំថ្ងៃ លើកលែងតែក្នុងករណីចាំបាច់ ដូចខាងក្រោម ៖

-សកម្មភាពការងារនៅក្នុងក្របខណ្ឌមុខងារសាធារណៈកម្លាំងប្រដាប់អាវុធ និងការងារផ្តល់សេវាសាធារណ:ចាំបាច់ ។

– សេវាសង្គ្រោះបន្ទាន់ សេវាសុខាភិបាល និងឱសថស្ថាន។ រាល់ការលើកលែងខាងលើ បុគ្គលគ្រប់រូបមានកាតព្វកិច្ចត្រូវអនុវត្តវិធានការសុខាភិបាល រួមមានការ ពាក់ម៉ាស់ ការរក្សាគម្លាតសុវត្ថិភាពបុគ្គល ព្រមទាំងប្រកាន់ខ្ជាប់នូវការធ្វើអនាម័យដើម្បីសម្លាប់មេរោគ ការវាស់កម្ដៅ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ។ 

ប្រការ៥.ត្រូវបានប្រគល់ភារកិច្ចជូនរដ្ឋបាលស្រុកបាទី និងឃុំក្រាំងធ្នង់ ដើម្បីបង្កើតក្រុមការងារប្រចាំការក្នុងភូមិសាស្ត្រ ដែលត្រូវបិទខ្ទប់ សម្រាប់ទទួលការអនុវត្តន៍ និងសម្របសម្រួលលើការងារចាំបាច់ រួមមាន៖

– ការងារផ្នែកសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ។

– ការងារទាក់ទងនិងការអនុវត្តន៍វិធានការសុខាភិបាល ជាអាទិ៍ ការយកសំណាក ការធ្វើចត្តាឡីស័ក ការព្យាបាលជំងឺកូវីដ-១៩ និងការចាក់វ៉ាក់សាំង ជាដើម ។

– ការងារផ្តល់សេវាសុខាភិបាលទូទៅ ក្នុងភូមិសាស្ត្រដែលត្រូវបានបិទខ្ទប់ ។

ប្រការ៦..រូបវន្តបុគ្គល ឬ នីតិបុគ្គលទាំងឡាយណា ដែលមិនអនុវត្តតាមខ្លឹមសារនៃប្រការ២ ប្រការ៣ និងប្រការ៤ ខាងលើ និងត្រូវទទួលទោស ដូចមានកំណត់ក្នុងច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ និង ជំងឺឆ្លងកាចសាហាវប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងៗទៀត និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន។

ប្រការ៧..សេចក្តីសម្រេចទាំងឡាយណា ដែលមានខ្លឹមសារផ្ទុយនឹងសេចក្តីសម្រេចនេះ ត្រូវទុកជានិរាករណ៍។

ប្រការ៨..នាយករដ្ឋបាលសាលាខេត្ត ស្នងការនគរបាលខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត មេបញ្ជាការតំបន់ ប្រតិបត្តិការសឹករងតាកែវ ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត និងលោកអភិបាលនៃគណៈអភិបាលស្រុកបាទី ត្រូវទទួល បន្ទុកអនុវត្តសេចក្តីសម្រេចនេះ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖