ភ្នំពេញ៖ កីឡាករ បាល់ទាត់ដ៏ឆ្នើមរបស់ជម្រើសជាតិកម្ពុជា និងជាសមាជិកក្លឹបបឹងកេត លោក ចាន់ វឌ្ឍនាកា បានសម្ដែងនូវការអរគុណយ៉ាងក្រៃលែង ចំពោះក្រុមគ្រូពេទ្យដែលជាក្រុមកងទ័ពអាវស និងកងកម្លាំងទូទាំងប្រទេសដែលបានលះបង់ដ៏ធំធេង ដើម្បីបេសកកម្មជួយសង្គមជាតិក្នុងដំណាក់កាលរីករាលដាលខ្លាំងនៃជំងឺកូវីដ-១៩។
សមាជិកក្លិបបឹងកេតរូបនេះតែងតែបង្ហោះសាជារឿយៗ ដើម្បីអំពាវនាវឲ្យប្រជាពលរដ្ឋចូលរួមអនុវត្តវិធានការផ្សេងៗ ដែលដាក់ចេញដោយរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺដ៏កាចសាហាវនេះ ជាក់ស្ដែងនៅថ្ងៃទី២០ ខែមេសានេះ គេក៏បានបង្ហោះសារថ្មីមួយទៀត ដែលបង្កប់អត្ថន័យលើកទឹកចិត្តក្រុមកងទ័ពអាវស រួមទាំងការអំពាវនាវឲ្យប្រជាពលរដ្ឋនៅផ្ទះ អំឡុងពេលរាជរដ្ឋាភិបាលកម្ពុជាសម្រេចចេញវិធានការបិទខ្ទប់ផងដែរ។ ខ្សែប្រយុទ្ធដ៏មានប្រជាប្រិយភាពដដែល បានបញ្ជាក់យ៉ាងដូច្នេះថា “ពួកយើងអាចនៅផ្ទះបាន តែពួកគាត់មិនអាចទេ ពួកយើងអាចសម្រាកនៅផ្ទះបាន តែពួកគាត់ត្រូវធ្វើការ ពួកយើងមានគ្រួសារ ពួកគាត់ក៏មានគ្រួសារដូចយើងដូចគ្នា” ។ ពួកយើងត្រង់នេះ វឌ្ឍនាកា សំដៅលើប្រជាពលរដ្ឋទូទៅ ខណៈពួកគាត់គេសំដៅលើក្រុមគ្រូពេទ្យ និងកងកម្លាំងទូទាំងប្រទេស ដែលបានបំពេញភារកិច្ចឥតសម្រាកទោះបីយប់ ឬថ្ងៃ។
សូមបញ្ជាក់ថា, កូនប្រុសលោក ចាន់ ចេស្ដា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអគុណក្រុមគ្រូពេទ្យ និងកងកម្លាំងគ្រប់រូប ហើយបានផ្ញើសារលើកទឹកចិត្ត សម្រាប់ការលះបង់ដ៏ធំធេងនេះទៀតផង។ គួរបញ្ជាក់ថា ដោយសារការរីករាលដាលខ្លាំងនៃជំងឺកូវីដ-១៩ បានបង្ខំឲ្យរាជរដ្ឋាភិបាលកម្ពុជា សម្រេចចេញវិធានការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ រួមទាំងបម្រាមគោចរផ្សេងៗ។ ទន្ទឹមជាមួយគ្នា សកម្មភាពប្រកួតបាល់ទាត់ក៏ត្រូវបានផ្អាក ដើម្បីចូលរួមអនុវត្តគោលការណ៍ និងចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺរាតត្បាតជាសកលនេះផងដែរ៕
ប្រភព ៖ BTV