ខេត្តកែប៖ រដ្ឋបាលខេត្តកែប នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ នេះ បានប្រកាសរកឃើញករណីវិជ្ជមានថ្មីចំនួន ០៣នាក់បន្ថែមទៀត ខណៈបុគ្គលវិជ្ជមានជំងឺកូវីដ-១៩ ទាំង០៣ នាក់នេះ ក្នុងនោះមានព្រះសង្ឃមួយអង្គព្រះនាម ប៊ូ ផាត ព្រះជន្ម ៥៥ វស្សា កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកែប។
ក្នុងសេចក្តីប្រកាសជូនដំណឹងនេះ រដ្ឋបាបលខេត្ត បានបញ្ជាក់ថា ក្រុមការងារឆ្លើយតបបន្ទាន់របស់រដ្ឋបាលខេត្ត បាននិងកំពុងស្រាវជ្រាវរកទីតាំង និងកំណត់មុខសញ្ញាអ្នកដែលពាក់ព័ន្ធក្នុងករណីនេះ ជាបន្តទៀត និងសូមធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ពិសេសអ្នកដែលបានជួបប្រាស្រ័យទាក់ទងប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោលជាមួយបុគ្គលវិជ្ជមានទាំង ០៣អង្គ/នាក់ខាងលើ។
ដោយប្រសិនបើបងប្អូនប្រជាពលរដ្ឋមានរោគសញ្ញាដូចជា៖ ឡើងកំដៅ ផ្តាសាយ ក្អក ហៀរសំបោរ ឈឺបំពង់ក ថប់ដង្ហើម ឬរោគសញ្ញាសង្ស័យផ្សេងៗ សូមទំនាក់ទំនងក្រុមការងារ តាមរយៈទូរស័ព្ទលេខ ០១៦ ៣៣៤ ៣៣៣ ឬ០១២ ៤៩៣ ៣១៤ ដើម្បីពិភាក្សា និងរៀបចំយកសំណាកធ្វើតេស្តរកមេរោគកូវីដ-១៩ ឱ្យបានឆាប់បំផុត។
ដោយឡែកចំពោះអ្នកដែលប៉ះពាល់ប្រយោលជាមួយបុគ្គលវិជ្ជមានទាំងនេះ សូមតាមដានសុខភាពរបស់ខ្លួន និងត្រូវធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃនៅផ្ទះខ្លួនឯង៕
សូមអានព័ត៌មានលម្អិតនៅក្នុងសេចក្ដីសម្រេចរបស់រដ្ឋបាលខេត្តកែប ខាងក្រោមនេះ៖
ដោយ៖ សហការី