ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានធ្វើការអំពាវនាវដល់ បងប្អូនប្រជាពលរដ្ឋចូលរួមអនុវត្តឱ្យបាននូវការដាក់បម្រាមបិទខ្ទប់រាជធានីភ្នំពេញ ដើម្បីកាត់ផ្តាច់ការឆ្លងរាលដាលជំងឺកូវីដ-១៩ បើមិនដូច្នោះទេការបិទខ្ទប់នឹងអាចបន្តពន្យារពេលយូរជាងនេះថែមទៀត។ ការអំពាវនាវដូចនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ ក្នុងពេលដែលលោកនាំយកអំណោយសម្តេចតេជោ ហ៊ុន សែន ទៅចែកជូនប្រជាពលរដ្ខចំនួន២១៦៣គ្រួសារ រស់នៅក្នុងតំបន់ផ្សារសាំហាន់ សង្កាត់ទួលសង្កែទី១ និងទី២ ខណ្ឌឫស្សីកែវ។
លោក ឃួង ស្រេង ក្នុងពេលសាកសួរសុខទុក្ខ និងចែកអំណោយដល់ប្រជាពលរដ្ឋនោះក៏បានលើកឡើងនូវគោលនយោបាយរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ដោយមិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយការអត់បាយនោះឡើយ។ រាជធានីភ្នំពេញមានស្នាក់ការសង្កាត់នៅជិតស្នាក់ការខណ្ឌ នៅជិតទាំងទីស្នាក់ការសាលារាជធានីភ្នំពេញថែមទៀតសម្រាប់បម្រើដល់តម្រូវការប្រជាពលរដ្ឋ ជាពិសេសពលរដ្ឋដែលជួបបញ្ហាខ្វះខាតស្បៀងអាចទំនាក់ទំនងទៅគោលដៅរដ្ឋបាលណាដែលនៅជិត ហើយអាជ្ញាធររាជធានីភ្នំពេញ ខណ្ឌ សង្កាត់ តែងតែផ្តល់និងផ្សព្វផ្សាយនូវប្រព័ន្ធទូរស័ព្ទនានាសម្រាប់ប្រជាពលរដ្ឋទាក់ទង សំណូមពរ និងរកជំនួយផ្សេងៗផងដែរ។
អភិបាលរាជធានីភ្នំពេញ បានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យអត់ធ្មត់ ដោយលោកបានបញ្ជាក់ថា ក្នុងនាមអាជ្ញាធរមានសមត្ថកិច្ចកំពុងអនុវត្តច្បាប់ ហើយមិនដែលចង់ធ្វើការផាកពិន័យដល់ពលរដ្ឋណាម្នាក់នោះឡើយ ដោយសូមឱ្យតែប្រជាពលរដ្ឋចូលរួមទំាងអស់គ្នាអនុវត្តវិធានការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញឱ្យទទួលបានជោគជ័យ កាត់ផ្តាច់ឱ្យបាននូវការឆ្លងរាលដាលជំងឺកូវីដដ៏សាហាវក្នុងពេលវេលាដ៏លំបាកមួយនេះទំាងអស់គ្នា។ ប្រសិនបើប្រជាពលរដ្ឋនៅតែរឹងទទឹង នៅតែដើរហើរ នៅតែដើរញុំា នៅតែប្រមូលផ្តុំពីផ្ទះមួយទៅផ្ទះមួយ ពីបន្ទប់មួយទៅបន្ទប់មួយនោះមិនអាចធានាបានថា ការដាក់បម្រាមនេះនឹងទទួលបានជោគជ័យនោះឡើយ ដែលនាំឱ្យការបិទខ្ទប់រាជធានីអាចនឹងពន្យារពេលយូរជាងនេះថែមទៀត។
អភិបាលរាជធានី ក៏បានលើកឡើងនូវវិធានការបិទខ្ទប់ភូមិសាស្ត្រដែលមានហានិភ័យ មិនមែនមានតែនៅកម្ពុជាទេ ខណៈជំងឺកូវីដ-១៩កំពុងវាយលុកលើពិភពលោក ប្រទេសដែលជួបហានិភ័យខ្លាំងក៏អនុវត្តវិធានការបិទខ្ទប់នេះផងដែរ។ ការបង្ការទប់ស្កាត់ការឆ្លងរាលដាលជំងឺដ៏សាហាវនេះឱ្យបានជោគជ័យ គឺអាស្រ័យលើការអនុវត្តរបស់ប្រជាពលរដ្ឋ ដែលជាឧត្តមប្រយោជន៍រួម មិនមែនជាប្រយោជន៍របស់បុគ្គលណាម្នាក់នោះឡើយ។
សូមបញ្ជាក់ថា៖ ក្នុងរយៈពេលដែលរាជធានីភ្នំពេញកំពុងស្ថិតក្នុងដំណាក់កាលបិទខ្ទប់ និងតំបន់ខ្លះបាននិងកំពុងដាក់ជាតំបន់ក្រហមនេះ អាជ្ញាធររាជធានី អាជ្ញាធរខណ្ឌ បាននាំយកស្បៀងអាហារទៅចែកជូនដល់ប្រជាពលរដ្ឋ កម្មករ កម្មការិនី ជារៀងរាល់ថ្ងៃ។ ស្បៀងអាហារដែលជាអំណោយរបស់សម្តេចតេជោ ដែលត្រៀម និងបានចែកជូនដល់ប្រជាពលរដ្ឋជាបន្តបន្ទាប់នោះ រួមមាន អង្ករ២៥គីឡូក្រាម, មី១កេស,ត្រីខ១យួរ, ទឹកត្រី១យួរនិងទឹកស៊ីអ៊ីវ១យួរ ៕
ដោយ៖ សំរិត