ចេតិយឃុនឆាង ឃុនផែន គឺជារមណីយដ្ឋានទេសចរណ៍ប្រវត្តិសាស្រ្តមួយ ស្ថិតក្នុងស្រុកមណ្ឌលសីមា ខេត្តកោះកុង។ រមណីយដ្ឋានមួយនេះ មានចម្ងាយត្រឹមតែជាង ៦៥០ម៉ែត្រប៉ុណ្ណោះ ពីស្ពានកោះកុង ដែលសង់ឆ្លងកាត់ដៃសមុទ្រ ពីខាងកើតភ្ជាប់មកកាន់ត្រើយខាងលិចនៃក្រុងខេមរភូមិន្ទ។
សំណង់ចេតិយនេះក្រោយមកគេហៅជាផ្លូវការថា ចេតិយ ឃុនឆាង ហើយបានទាក់ទងទៅនឹងរឿងព្រេងបុរាណដែលតំណាលថាជាច្រើនសតវត្សមកហើយ ក៏ពុំដឹងថា ក្នុងរជ្ជកាលនៃព្រះមហាក្សត្រអង្គណាដែល នៅសម័យនោះមានគ្រួសារមួយ ពីរនាក់ប្តីប្រពន្ធ មាននាមពុំប្រាកដបានតាំងទីលំនៅ និងប្រកបរបរកសិកម្ម ក្នុងតំបន់មួយ នៅត្រើយខាងលិច នៃឈូងសមុទ្រ ទំនងជានៅខាងលិចសាលាស្រុកមណ្ឌលសីមាសព្វថ្ងៃនេះ។
គ្រួសារនេះ មានធនធានគ្រាន់បើ ហើយជាអ្នកមានសទ្ធាផង។ អ្នកនៅក្នុងភូមិ ជាមួយ គាត់ក្តី នៅភូមិកុកក្តី សុទ្ធសឹងស្រឡាញ់រាប់អានគាត់គ្រប់គ្នា។ គាត់មានគុណសម្បត្តិ ពិសេសមួយទៀត គឺបើអ្នកភូមិជិតខាងដែលខ្វះលុយកាក់ ឬស្រូវអង្ករ តែងតែរត់រកគាត់ ហើយគាត់តែងផ្តល់ឲ្យឥតរើសមុខ។
នាពេលមួយគាត់ពិចារណា ជាមួយប្តីប្រពន្ធ រួចគិតឃើញថា នៅតំបន់នេះ មានមនុស្សរស់នៅក្រាស់ក្រែលដែរ ប៉ុន្តែពុំទាន់មានវត្តអារាមសម្រាប់ជាទីសក្ការៈបូជា និងធ្វើបុណ្យទាននឹងគេ ដូច្នេះបើយើងកសាងជាវត្ត ក៏ដូចជាហួសសមត្ថភាព អ៊ីចឹងយើងត្រូវកសាងជាតេតិយ មួយសម្រាប់ជាបូនីយដ្ឋាន ហើយនៅរដូវខ្លះ យើងនិមន្ត ព្រះសង្ឃមកធ្វើបុណ្យទាន តាមគន្លងព្រះពុទ្ធសាសនា។ គំនិតដ៏ប្រសើរនេះ បានយល់ស្របគ្នាទាំង២ នាក់ប្តីប្រពន្ធ ហើយក៏ចាប់ជ្រើសរើស រកកន្លែងដែលត្រូវកសាងចេតិយ។
មុនដំបូងគាត់បំរុងកសាងនៅលើដីគោក ប៉ុន្តែដូចជាពុំសូវរុងរឿង ហើយជួនជាគាត់នឹកឃើញដល់កូនកោះ មួយដែលមានសុទ្ធតែផ្ទាំងថ្មតម្រៀបគ្នា។ បន្ទាប់មក គាត់គិតឃើញម្យ៉ាងទៀតថា នៅតំបន់នេះ អ្នកស្រុកប្រកបមុខរបរខាងនេសាទក៏មាន ខាងស្រែ ចម្ការក៏មាន ចំណែកទូក សំពៅក៏មានស្ទើរតែគ្រប់ៗគ្នា បើបានធ្វើចេតិយនៅលើកូនកោះនេះហើយ ដល់ពេលធ្វើបុណ្យទានម្តងៗ យើងនាំគ្នាធ្វើជាស្ពាន និងយកទូកសំពៅមកចតឲ្យពេញត្រៀបត្រា ឃើញថាមានភាពរុងរឿង និងសម្បូរសប្បាយផងដែរ។
លុះជ្រើសរើសយកទីនេះធ្វើជាកន្លែងកសាងហើយ គាត់ក៏ចាត់ការឲ្យអ្នកភូមិរកឥដ្ឋ និងដុតកំបោរ និងសម្ភារៈផ្សេងៗទៀតសម្រាប់កសាង។ ចំណែកញាតិមិត្តជិតខាងវិញ ក៏មានសទ្ធាជួយជាកម្លាំងកាយខ្លះជួយជាធនធានខ្លះ ក្នុងកសាងជាចេតិយនេះឡើង។ ចាប់តាំងពីពេលនោះមកពុទ្ធបរិស័ទ នៅភូមិជិតខាង ដូចជានៅភូមិនាងកុក ភូមិចាំយាម ភូមិមាត់ព្រែក (ប៉ាកក្លង) កោះប៉ោ ស្ទឹងវែងជាដើម បាននិមន្តព្រះសង្ឃមកប្រជុំគ្នាធ្វើបុណ្យនៅចេតិយនេះ ជារៀងរាល់រដូវកាល ហើយទីនេះ ក៏មានសភាពរុងរឿង សម្បូរសប្បាយណាស់ខ្លាំង។ ក្រោយមក គេបានសង់ជាស្ពានពី ដីគោកភ្ជាប់មកនឹងកូនកោះ ហើយនៅលើផ្ទៃទឹកវិញ គេឃើញសុទ្ធតែទូក សំពៅ តម្រៀបត្រៀបត្រា ដោយមានពេលខ្លះ គេបានប្រណាំងអុំទូក និងបើកក្តោងសំពៅ ដើម្បីជាការកម្សាន្តលេងផងដែរ។លុះចំណេរក្រោយមក នៅភូមិឯទៀតៗ មានវត្តសម្រាប់ធ្វើបុណ្យផងនោះ ដោយចាស់ៗ ជំនាន់មុនស្លាប់អស់ទៅហើយនោះ ការប្រជុំគ្នាធ្វើបុណ្យនៅចេតិយនេះ ក៏រលាយបន្តិចម្តងៗ រហូតដល់ខានធ្វើសោះដរាបដល់សព្វថ្ងៃ។
ប្រភពព័ត៌មានបានបញ្ជាក់ថា រឿងចេតិយនេះ ដែលឈ្មោះថាចេតិយឃុនឆាងនោះ ពុំដឹងជាមានមកពីត្រឹមណាមកទេ ប៉ុន្តែមានទិដ្ឋភាពមួយគួរឲ្យយកមកពិចារណាដែរនោះ គឺនៅត្រើយខាងលិច ឃ្លាតពីសាលាស្រុកមណ្ឌលសីមាឆ្ងាយបន្តិចទៅ មានដំណែលបុរាណមួយក្នុងភូមិជើងគ្រក់ ឃើញស្នាមដូចជាមនុស្សអុកគូថ ហើយថា ស្នាមនោះ មានដំណាលថា ឃុនឆាង ជាកូនអ្នកមានសម្បត្តិច្រើន គាត់បានចាប់ចិត្តស្នេហាលើនារីម្នាក់ឈ្មោះ នាង ភឹម ដែលមានរូបសម្បត្តិឥតពីរ ប៉ុន្តែនាង ភឹម ពុំស្រឡាញ់ឃុនឆាងទេ ព្រោះគាត់ក្បាលទំពែក ពោះកំប៉ោង ហើយព្រហើន គឺស្រឡាញ់តែ ឃុនផែន ដែលជាសុភាពបុរស។ ពេល១ ត្រូវឃុនឆាង និងឃុនផែន ទាត់សីប្រកួតគ្នា ដើម្បីបង្អួតនាងភឹម ដែលជាគូស្នេហារបស់ខ្លួនរៀងៗខ្លួន ប៉ុន្តែដោយស្នៀតរបស់ខ្លួនពុំសូវប៉ិន ឃុនឆាងក៏ភ្លាត់ជើងអុកគូទទល់ផ្អកធ្វើមាត់ស្ញេញ ទើបធ្វើឲ្យនាងភឹម និងទស្សនិកជនសើចរឹងពោះ។ រីឯស្នាមដែលឃុនឆាងដួលអុកគូទកាលណោះ ក៏នៅទាំងក្រាំងរឹងទៅជាថ្ម រហូតដល់សព្វថ្ងៃនេះឯង៕
ស្រាវជ្រាវដោយ÷ចៅតាជេត