យ៉ាងហោចណាស់ក៏មានមនុស្ស ម្នាក់ស្លាប់និងរបួសជាច្រើននាក់ទៀតនៅក្នុងករណីបាញ់ប្រហារនៅមជ្ឈមណ្ឌលទីក្រុង San Diego សហរដ្ឋអាមេរិក នាយប់ថ្ងៃទី ២២ខែមេសា (ពេលវេលាក្នុងតំបន់)។
មន្ត្រីប៉ូលិសទីក្រុង San Diego បានឱ្យដឹងថា ជនដៃដល់ត្រូវបានចាប់ខ្លួនភ្លាមៗក្រោយការបាញ់ប្រហារ ស្ថិតនៅតំបន់ Gaslamp ។
លោក John Buttle មន្ត្រីប៉ូលិស ប្រចាំទីក្រុង San Diego បាននិយាយទៅកាន់សារព័ត៌មានCNN ថា មានមនុស្សម្នាក់ស្លាប់ និងរងរបួសជាច្រើន ។ មកទល់ពេលនេះ មិនទាន់កំណត់បានថាមានប៉ុន្មាននាក់ត្រូវគ្រាប់កាំភ្លើងនោះឡើយ។ ក្រុមជំនាញកំពុងតែបើកការស្រាវជ្រាវ។
ការបាញ់ប្រហារនៅអាមេរិក កើតឡើងជាបន្តបន្ទាប់ប៉ុន្មានថ្ងៃចុងក្រោយនេះបណ្តាលឲ្យមានអ្នកស្លាប់និងរបួសជាច្រើន។ កាលពីថ្ងៃទី២០ ខែមេសា មានការបាញ់ប្រហារនៅហាងលក់គ្រឿងទេស«តូបលក់ចាប់ហួយ»(Stop&shop) ស្ថិតនៅតំបន់ West hempstead កោះ Long Island រដ្ឋញូវយ៉ក
សហរដ្ឋអាមេរិកបណ្តាលឲ្យមនុស្សម្នាក់ស្លាប់ និង២នាក់រងរបួសធ្ងន់។ ជនដៃដល់បានគេចចេញពីតំបន់កើតហេតុក្រោយការបាញ់ប្រហារ។
នៅថ្ងៃទី១៩ ខែមេសាក៏មានករណីបាញ់ប្រហារ នៅក្នុងរដ្ឋ Louisiana, Texas និង Wisconsin បណ្តាលឲ្យមានមនុស្សស្លាប់ និងរងរបួសជាច្រើន។ ក្នុងនោះ មួយករណីស្ថិតនៅហាងលក់គ្រឿងស្រវឹង ក្នុងទីក្រុង Shreveport រដ្ឋ Louisiana ដែលបណ្តាលមនុស្ស៥នាក់រងរបួសធ្ងន់។ មួយករណីទៀត ស្ថិតនៅអគារស្នាក់នៅក្នុងទីក្រុង Austin រដ្ឋ Texas ដែលបណ្តាលឲ្យមនុស្ស៣នាក់ស្លាប់ និងករណីទីបី ស្ថិតនៅបារមួយកន្លែងក្នុងតំបន់ Kenosha នៃរដ្ឋ Wisconsin ដែលបណ្តាលឲ្យមនុស្ស៣នាក់ស្លាប់ និង២នាក់របួស៕ ដោយ៖ ធីរីណា
រូបភាព៖ OnScene TV