បុរសម្នាក់កើតនៅឆ្នាំ១៩៨៤ ជនជាតិទុយនេស៊ី បានប្រើប្រាស់កាំបិតវាយប្រហារទៅលើប៉ូលិសស្រី អាយុ៤៩ឆ្នាំបណ្តាលឲ្យស្លាប់ ។ ការវាយប្រហារកើតឡើងនៅថ្ងៃទី ២៣ខែមេសា ចំណែកជនដៃដល់ក៏ត្រូវបានបាញ់សម្លាប់ផងដែរ។
ហេតុការណ៍វាយប្រហារកើតឡើងនៅទីក្រុង Rambouillet ខេត្ត Yvelines ភាគខាងលិចទីក្រុងប៉ារីស ។ តាមការស្រាវជ្រាវជាបឋម ជនដៃដល់ជាជនជាតិអ៊ិស្លាម ចូលមករស់នៅក្នុងប្រទេសបារាំងដោយខុសច្បាប់នៅឆ្នាំ២០០៩ ប៉ុន្តែនៅឆ្នាំ ២០១៩ ក៏ទទួលបានលិខិតអនុញ្ញាតឱ្យរស់នៅបណ្តោះអាសន្ន ។ បុរសវាយប្រហារ ធ្វើការងារជាអ្នកបើកបររថយន្តដឹកទំនិញ។
តាមការត្រួតពនិត្យលើទូរស័ព្ទជនដៃដល់ ប៉ូលិសបញ្ជាក់ថា បុរសរូបនោះបានមើលឃ្លីបវីដេអូ មានខ្លឹមសារវាយប្រហារភេរវកម្ម បង្ហោះលើបណ្តាញសង្គម។ មុនពេលវាយប្រហារស្ត្រីប៉ូលិស ជនដៃដល់ត្រូវបានគេឮស្រែកពាក្យថា «ព្រះអាឡោះដ៏អស្ចារ្យ»។
តាមការសន្និដ្ឋានរបស់មជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងភេរវកម្ម របស់បារាំងបានឱ្យដឹងថា សកម្មភាពសម្លាប់មនុស្សសំដៅទៅលើមនុស្សដែលកំពុងតែអនុវត្តច្បាប់ គឺជាសកម្មភាពជាប់ពាក់ព័ន្ធនិឹងភេរវកម្ម។ ដើម្បីបំពេញការស្រាវជ្រាវ ប៉ូលិសក៏បានចាប់ខ្លួនមនុស្សមួយចំនួន ដែលជាប់ពាក់ព័ន្ធ ជាមួយជនដៃដល់។
ក្រោយការវាយប្រហារ នាយករដ្ឋមន្ត្រីបារាំង លោក Jean Castex និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ Gérald Darmanin បានទៅកាន់កន្លែងកើតហេតុ ដើម្បីត្រួតពិនិត្យស្ថានភាព ក៏ដូចជាបង្ហាញការយកចិត្តទុកដាក់ដល់ពលរដ្ឋ ពិសេស គឺកម្លាំងប៉ូលិសដែលកំពុងអនុវត្តច្បាប់ ៕ ដោយ៖ ធីរីណា
រូបភាព៖ AFP