ព័ត៌មានទាន់ហេតុការណ៍៖

គណៈកម្មការផ្សារដើមគ បានបាញ់ទឹកលាងសម្អាតនិងបាញ់ថ្នាំសម្លាប់មេរោគជុំវិញ និងក្នុងបរិវេណផ្សារ សម្អាត និងការពារមេរោគជំងឺកូវីដ-១៩

ចែករំលែក៖

     ភ្នំពេញ៖ ឆ្លៀតក្នុងអំឡុងពេលបិទខ្ទប់រយៈពេល១៤ថ្ងៃនៃការរីករាលដាលនូវជំងឹកូវីដ-១៩ចំពោះបងប្អូនអាជីវករនៅផ្សារដើមគ លោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានី បានបញ្ជាឱ្យប្រធានគណៈកម្មការគ្រប់គ្រងផ្សារដើមគ ឈូសឆាយ បាញ់ទឹកលាងសម្អាតនិងបាញ់ថ្នាំសម្លាប់មេរោគនៅទីតាំងដីក្រហម នៅតូបតូចៗ និងកាកសំណល់ផ្សេងៗ របស់បងប្អូនអាជីវករលក់កន្លងមក ដើម្បីសម្អាតឱ្យមានអនាម័យឡើងវិញមុនពេលបើកដំណើរការផ្សារជាធម្មតាវិញ។

  ជាក់ស្ដែងនៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ លោក គៀង ចក់ ប្រធានគណៈកម្មការគ្រប់គ្រងផ្សារដើមគ បានដឹកនាំសន្តិសុខផ្សារនិងសហការជាមួយនគរបាលការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបាញ់ទឹកលាងសម្អាតនិងបាញ់ថ្នាំសម្លាប់មេរោគនៅជុំវិញបរិវេណផ្សារ។

  លោកប្រធានគណៈកម្មការគ្រប់គ្រងផ្សារដើមគ បានជម្រាបជូនបងប្អូនអាជីវករទាំងអស់ផងដែរថា ការឈូសឆាយទីតាំងកន្លែងលក់របស់បងប្អូននៅចំណុចដីក្រហម គឺមានការយកចិត្តទុកដាក់ពីសំណាក់លោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានី គឺឱ្យគណៈកម្មការផ្សាររៀបចំកន្លែងលក់ជូនបងប្អូនវិញទាំងអស់ដោយមិនឱ្យបងប្អូនអាជីវករអស់លុយឡើយ។ ដូច្នេះគណៈកម្មការផ្សារសូមអោយបងប្អូនអាជីវករទាំងអស់គ្នានឹងនចិត្ត កុំព្រួយបារម្ភ។

  ជាចុងក្រោយ លោក គៀង ចក់ ប្រធានគណៈកម្មការគ្រប់គ្រងផ្សារដើមគ បានលើកឡើងបន្តទៀតថា យើងធ្វើឡើងនេះដើម្បីរក្សាសុខភាព អនាម័យ សណ្ដាប់ធ្នាប់ ជូនបងប្អូនអាជីវករ ជៀសវាងការបើកដំណើរផ្សារធម្មតាឡើងវិញ ជំងឺដ៏កាចសាហាវនេះវិលត្រឡប់មកដែរ ៕

ដោយ៖ រ៉ារ៉ា


ចែករំលែក៖