ខេត្តតាកែវ៖ មានសព្វ មានគ្រប់ មនុស្សឥឡូវគិតប្លែកៗ ហើយបាត់អស់ នូវសីលធម៍ខ្លួនឯង ដល់សង្គម ។ ជាក់ស្តែងមានដាក់ផ្លាកឈ្មោះនៅរបងផ្ទះប្រើពាក្យមិនសមរម្យ ត្រូវនគរបាលអប់រំ និងដោះចេញភ្លាម បង្កអោយមានការងឿយឆ្ងល់ពីអ្នកជិតខាង។។
ករណីនេះកើតឡើងនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១នេះ គឺកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលរកាក្នុង សហការជាមួយឣាជ្ញាធរភូមិ-សង្កាត់រកាក្នុង បានចុះទៅដល់មូលដ្ឋាន(លំនៅឋានមួយកន្លែង)ស្ថិតនៅភូមិចក សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ ដើម្បីធ្វើការណែនាំ អប់រំដល់ម្ចាស់ផ្ទះឱ្យដកស្លាកនៅរបងទ្វារមុខផ្ទះ របស់ខ្លួនចេញ ដែលមានខ្លឹមសារមិនសមរម្យនោះថា៖ (ភូមិគ្រឹះមីចោរចង្រៃ បងបាស់ ភូមិចក តោពីរ) និងបានណែនាំទៅម្ចាស់ផ្ទះខាងលើកុំឱ្យដាក់ស្លាកនៅរបងទ្វារផ្ទះដោយមានខ្លឹមសារមិនសមរម្យតទៀត។
ដូចតាមវីដេអូបង្ហោះក្នុងបណ្ដាញសង្គមថ្មីៗនេះ ម្ចាស់ផ្ទះបានបកស្រាយ ដោយរអ៊ូរទាំថា ផ្លាកផ្ទះនេះបានជួលឱ្យជាងធ្វើ ត្រឹមត្រូវនោះទេ ហើយជាងយកមកដំឡើងចាប់ជាប់របងឲ្យក៏មិនបានពិនិត្យខ្លឹមសារ តែនៅពេលបានដឹងថាខុស គាត់បានព្យាយាមទូរស័ព្ទទៅរកជាង បីបួនដងឲ្យជាងមកប្ដូរឲ្យវិញ តែជាងមិនទាន់ឃើញមកប្ដូរឲ្យគាត់វិញនោះទេ។ ទើបនៅវេលាខាងលើនេះនគរបាលបានចុះមកឲ្យដោះចេញតែម្ដង។
ចម្លើយបែបនេះ វាមិនសមហេតុផលទេ គឺម្ចាស់ផ្ទះមានចេតនា បង្កើតគំនិតអសីលធម៍ក្នុងសង្គមតែប៉ុណ្ណោះ៕
ដោយ ៖ សិលា