ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលខេត្តស្វារៀង រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន២នាក់ បន្ថែមទៀត មានទីលំនៅនៅស្រុករមាសហែកខេត្តស្វាយរៀង

ចែករំលែក៖

ខេត្តស្វាយរៀង៖ នៅយប់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ រដ្ឋបាលខេត្តស្វាយរៀង  សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋក្នុងខេត្ត និងសាធារណជនទាំងអស់មេត្តាជ្រាបថា យោងតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលចេញថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ ស្តីពីករណីវិជ្ជមានជំងឺកូវីដ-១៩ លើ បុរសជនជាតិខ្មែរចំនួន ០២នាក់ មានទីលំនៅស្រុករមាសហែក និងក្រុងបាវិត ខេត្តស្វាយរៀង ។

កាលពីថ្ងៃទី២១-២២ ខែមេសា ឆ្នាំ២០២១ ក្រុមការងារបានយកវត្ថុវិភាគសំណាកអ្នកដែលប៉ះពាល់ជាមួយអ្នក វិជ្ជមានជំងឺកូវីដ-១៩ ដើម្បីធ្វើតេស្តនៅវិទ្យាស្ថានជាតិសុខភាពសាធារណៈ លទ្ធផលវិជ្ជមានជំងឺកូវីដ-១៩ ដែលមានឈ្មោះ ដូចខាងក្រោម៖

១-ករណីវិជ្ជមានជំងឺកូវីដ-១៩ នៅស្រុករមាសហែក បុរសឈ្មោះ វ័រ សុផល អាយុ ៤៨ឆ្នាំ លំនៅភូមិឈើភ្លើង ឃុំកំពង់ត្រាច ស្រុករមាសហែក បានប៉ះពាល់ជាមួយស្រ្តី ឈ្មោះ គង់ ណូយ មានវិជ្ជមានជំងឺកូវីដ-១៩ ដែលមានអ្នកប៉ះពាល់ផ្ទាល់ចំនួន ៣៣នាក់ ស្រី ១៦នាក់ ក្រុមការងារបានយក វត្ថុវិភាគសំណាកធ្វើតេស្ត និងដាក់ឲ្យធ្វើចត្តាឡីស័កនៅផ្ទះ រង់ចាំលទ្ធផលចាត់វិធានការបន្ត ។ បច្ចុប្បន្នអ្នកវិជ្ជមានជំងឺកូវីដ-១៩ ខាងលើ ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្វាយជ្រុំ ។
២-ករណីវិជ្ជមានជំងឺកូវីដ-១៩ នៅក្រុងបាវិត
បុរសឈ្មោះ ឡេង លីណា អាយុ ២៤ឆ្នាំ នៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត បានទទួលមរណភាព នៅ ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ៨:០០នាទីព្រឹក ក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុក ជំងឺកូវីដ-១៩ ខេត្ត សហការជាមួយក្រុមឆ្លើយតបបន្ទាន់ បានធ្វើកោសល្យវិច្ឆ័យយកវត្ថុវិភាគសំណាកតាមរយៈការធ្វើតេស្ត រហ័ស (Rapid Antigen Test) រកឃើញមានវិជ្ជមានជំងឺកូវីដ-១៩ ហើយបានយកវត្ថុវិភាគសំណាកទៅធ្វើតេស្តពិនិត្យ នៅ វិទ្យាស្ថានជាតិសុខភាពសាធារណៈបញ្ជាក់បន្ថែម ។ នៅរសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ លទ្ធផលបញ្ជាក់ថា វិជ្ជមាន ជំងឺកូវីដ-១៩ ប្រាកដមែន។ តាមសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ ៖ បុរសខាងលើបានទទួលមរណភាពដោយសារ ជំងឺកូវីដ-១៩ ហើយមានអ្នកប៉ះពាល់ផ្ទាល់ចំនួន ១០នាក់ ស្រី ០៤នាក់ ក្រុមការងារបានយកវត្ថុវិភាគសំណាកធ្វើតេស្ត និងដាក់ឲ្យធ្វើ ចត្តាឡីស័កនៅផ្ទះ រង់ចាំលទ្ធផលចាត់វិធានការបន្ត ។
រដ្ឋបាលខេត្ត សូមអំពាវនាវដល់អ្នកដែលពាក់ព័ន្ធដោយផ្ទាល់ ឬប្រយោលជាមួយអ្នកជំងឺកូវីដ-១៩ ខាងលើ គិតចាប់ពី ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១ ត្រូវធ្វើចត្តាឡីស័កនៅតាមផ្ទះរយៈពេល ១៤ថ្ងៃ ដើម្បីតាមដានសុខភាព។ ប្រសិនបើមាន អាការខុសប្រក្រតី ដូចជា ក្ដៅខ្លួន, ក្អក, កណ្ដាស់, ឈឺបំពង់ក, ពិបាកដកដង្ហើម សូមផ្ដល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន និង រួសរាន់ទៅយកវត្ថុវិភាគសំណាកដែលមានទីតាំងនៅ អតីតយានដ្ឋាន Mr.SO ស្ថិតនៅភូមិតាបឹប សង្កាត់បាវិត ក្រុងបាវិត ឬ ទំនាក់ទំនងមកកាន់លេខទូរស័ព្ទ ០៩៧ ៥០៣ ៤៥៦៧ / ០៤៤ ៧១២ ៥២២ របស់ក្រុមការងារ ។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋ និងសាធារណជនជ្រាបជាព័ត៌មាន និងចូលរួមអនុវត្ត ឱ្យបានខ្ជាប់ខ្ជួននូវវិធានការការពារតាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការទប់ស្កាត់ការពារជំងឺកូវីដ-១៩ «៣ ការពារ ៣ កុំ» ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី៕

ដោយ ៖ សិលា


ចែករំលែក៖