ភ្នំពេញ៖ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅយប់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ លោកបានថ្លែងយ៉ាងដូច្នេះថា, ថ្ងៃនេះគឺជាថ្ងៃដែលព្រះរាជាណាចក្រកម្ពុជាមានករណីអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ច្រើនជាងគេ បន្ទាប់ពី អ្នកស្លាប់ដំបូងត្រូវបានប្រកាស កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១នេះ។
លោក ហ៊ុន ម៉ានី បានថ្លែងបន្តថា, ក្នុងបរិយាកាសដ៏ក្រៀមក្រំនេះ ខ្ញុំសូមចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារ ដែលបានបាត់បង់សមាជិកគ្រួសារដោយសារជំងឺកូវីដ-១៩។
លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានលើកឡើងថា, ជំងឺកូវីដ ១៩ ជាជំងឺឆ្លងរាលដាលដ៏កាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរដល់អាយុជីវិត និងសុខភាពរបស់យើងពិតប្រាកដណាស់។ សូមបងប្អូនប្រជាពលរដ្ឋ មេត្តាបង្កើនការប្រុងប្រយ័ត្នចំពោះសុខភាពផ្ទាល់ខ្លួន ក៏ដូចជាក្រុមគ្រួសារ ដោយគោរពឱ្យបានខ្ជាប់ខ្ជួនវិធានការសុខាភិបាល ជាពិសេស អនុវត្ត #៣កុំ និង #៣ការពារ ។
ក្នុងកាលៈទេសៈដ៏លំបាកនេះ សូមបងប្អូនប្រជាពលរដ្ឋអត់ធ្មត់ និងចូលរួមសហការជាមួួយអាជ្ញាធរមានសមត្ថកិច្ចទាំងអស់ ដើម្បីយើងអាចកាត់ផ្តាច់ការចម្លង និងឈានទៅបិទព្រឹត្តិការណ៍ឆ្លងសហគមន៍ ២០កុម្ភៈ បានកាន់តែឆាប់៕