ខេត្តតាកែវ ៖ សាលាដំបូងខេត្តតាកែវបានបើកអង្គសវនាការជំនុំជម្រះតាមនីតិវិធីទៅលើបុរស២នាក់ កាលពីរសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ ដែលល្មើសបំរាមជួបជុំគ្នា ស៊ីផឹកចាក់ធុងបាស់ក្នុងពេលប្រទេសជាតិកំពុងជួបវិបត្តិជំងឺកូវីដ-១៩។
សមាសភាពចូលរួមអង្គសវនាការនេះមានការចូលរួមពី ចៅក្រមជំនុំជម្រះគឺលោក នូ ដារ៉ា និងតំណាងអយ្យការ លោកស្រី កែវ សុគន្ធា អង្គសវនាការបាន ប្រកាសសាលក្រម សម្រេចផ្តន្ទាទោសដាក់ពន្ធនាគារក្នុងម្នាក់ៗកំណត់ ០១ឆ្នាំ និងពិន័យជាប្រាក់ក្នុងម្នាក់ៗ ០១លានរៀល។
បុរសទាំង ០២នាក់ ដែលត្រូវបានផ្តន្ទាទោសជាប់ពន្ធនាគាររយៈពេល ១ឆ្នាំ និងពិន័យជាប្រាក់ក្នុងម្នាក់ៗ ១លានរៀលនេះ ផ្អែកលើសំណុំរឿងព្រហ្មទណ្ឌលេខ ២៦៦ ចុះថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ ស្របតាមបទបញ្ញត្តិមាត្រា៤ មាត្រា១០ និងមាត្រា១១ នៃច្បាប់ស្តីពី វិធានការទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ដែលហាមការជួបជុំគ្នា ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ ។ពួកគេមានកំហុសពីបទមិនគោរពវិធានរដ្ឋបាល និងបទរារាំងដល់ការអនុវត្តវិធានការ តាមរយៈការប្រកាសសាលក្រម ខណ:កន្លងមកសមត្ថកិច្ចចុះអប់រំច្រើនដង នៅតែមិនស្ដាប់ និងបន្តប្រព្រឹត្តិទង្វើនេះបន្ថែមទៀត ទើប សមត្ថកិច្ចបានចុះទៅធ្វើការ នាំខ្លួន និងដកហូតធុងបាស មកកាន់អធិការដ្ឋាននគរបាលស្រុកគិរីវង់ ដើម្បីកសាងសំណុំរឿងតាមនីតិវិធីបញ្ជូនទៅសាលាដំបូងខេត្តតាកែវវិនិច្ឆ័យទោសតាមច្បាប់ ៕
ដោយ ៖ ប្រាថ្នា