ព័ត៌មានទាន់ហេតុការណ៍៖

មីយ៉ាន់ម៉ា ៖ ក្រុមឧទ្ទាមប្រដាប់អាវុធប្រកាសដណ្តើមបានទីតាំងមួយកន្លែងរបស់ទាហាន

ចែករំលែក៖

ក្រុមប្រដាប់អាវុធមកពីសម្ពន្ធមិត្តជាតិការ៉ែនបានប្រកាសថា បានដណ្តើមទីតាំងគ្រប់គ្រងរបស់កម្លាំងទាហានរដ្ឋាភិបាលមីយ៉ាន់ម៉ា នៅតំបន់ជិតព្រំដែនថៃ។
នៅព្រឹកថ្ងៃទី ២៧ខែមេសា ក្រុមKNUបានផ្សាយថា មានករណីវាយប្រហារគ្នានៅទីតាំងយោធាជិតព្រំដែនថៃ ស្ថិតក្នុងតំបន់ដែលក្រុម សម្ពន្ធមិត្តជាតិការ៉ែន (KNU) គ្រប់គ្រង។ ក្រុម (KNU) បានប្រកាសថា មានការវាយប្រហារគ្នាយ៉ាងខ្លាំង រវាងកម្លាំងទាហានប្រទេសទាំងពីរ ហើយក្រុម (KNU)ដណ្តើមបានសិទ្ធិគ្រប់គ្រង។
ពលរដ្ឋដែលរស់នៅតាមបណ្តោយដងទន្លេ Salween នៅក្នុងប្រទេសថៃបានឱ្យដឹងថា បានឮស្នូរកាំភ្លើងធុនធ្ងន់នៅពេលទៀបភ្លឺ ។ តាមការលើកឡើងរបស់ពលរដ្ឋថៃ ទីតាំងយោធារបស់រដ្ឋាភិបាលត្រូវក្រុមទាហានការ៉ែនឡោមព័ទ្ធជាច្រើនថ្ងៃកន្លងមកហើយ ធ្វើឲ្យទាហាននៅខាងក្នុងមិនមានស្បៀងអាហារគ្រប់គ្រាន់។
អ្នកនាំពាក្យរបស់ក្រុម ការ៉ែន បាននិយាយប្រាប់សារព័ត៌មានរ៉យទ័រនៅព្រឹកថ្ងៃទី២៧ខែមេសា ថា កម្លាំងទាហានការ៉ែនដណ្តើមបានសិទ្ធិគ្រប់គ្រងនៅវេលាម៉ោង ៥-៦ទៀបភ្លឺ។ នៅពេលនេះក្រុមកំពុងត្រួតពិនិត្យពីការខូចខាតទាំងទ្រព្យសម្បតិនិងអាយុជីវិតទាហាន។
មីយ៉ាន់ម៉ា មានក្រុមប្រដាប់អាវុធជនជាតិភាគតិចរហូតដល់ទៅ២០ ក្រុម ហើយភាគច្រើនក្រុមទាហានជនជាតិភាគតិចប្រឆាំងនឹងការដឹកនាំដោយយោធានៅក្នុងប្រទេសនេះ ។ ក្រុមអ្នកឯកទេសវិភាគបានលើកឡើងថា ការដែលក្រុមជនជាតិភាគតិចគាំទ្ររដ្ឋាភិបាលស្រមោល ដឹកនាំដោយតំណាងរាស្ត្រជាប់ឆ្នោត អាចបង្កឲ្យមានសង្គ្រាមស៊ីវិលកើតឡើងក្នុងប្រទេសនេះ ។
ពេលថ្មីៗនេះ អាស៊ាននិងមីយ៉ាន់ម៉ា បានព្រមព្រៀងគ្នា៥ចំណុចដើម្បីបញ្ចប់វិបត្តិ ក្នុងនោះមានបញ្ចប់អំពើហិង្សា ពិភាក្សាមានលក្ខណៈស្ថាបនា រវាងភាគីទាំងសងខាង ផ្តល់ជំនួយដល់មីយ៉ាន់ម៉ា បន្ថែមមន្ត្រីអាស៊ានផ្តល់លក្ខណៈងាយស្រួលក្នុងកិច្ចពិភាក្សា ៕

ដោយ ៖ ធីរីណា(រូបភាព៖ AFP)


ចែករំលែក៖