កញ្ចប់ជំនួយអន្តរជាតិដំបូងបង្អស់ ពីប្រទេសអង់គ្លេស បានទៅដល់ប្រទេសឥណ្ឌាហើយនៅថ្ងៃទី ២៧ខែមេសា ។ ជាមួយគ្នានេះដែរ ប្រទេសអាមេរិក អូស្ត្រាលី អឺរ៉ុប ក៏បានសម្រេចបញ្ជូនជំនួយជាបន្តបន្ទាប់ទៅកាន់ឥណ្ឌាផងដែរ។
នៅថ្ងៃទី ២៧ ខែមេសា ជើងហោះហើរពីអង់គ្លេសនាំបរិក្ខារពេទ្យដ៏សំខាន់ដែលក្នុងនោះមាន ម៉ាស៊ីនជំនួយដង្ហើម១០០គ្រឿង និងម៉ាស៊ីនបង្កើនអុកស៊ីហ្សែន ៩៥គ្រឿងបានចុះចតដល់ប្រទេសឥណ្ឌាហើយ ។ ក្រៅពីនេះស៊ីទែនស្តុកអុកស៊ីហ្សែនក៏បានដឹកជញ្ជូនពីទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម ចូលដល់ទឹកដីឥណ្ឌាផងដែរនៅថ្ងៃទី ២៧ខែមេសានេះ។
នៅក្នុងជំនួបពិភាក្សាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីឥណ្ឌាលោក ណារ៉េនដ្រា ម៉ូឌី ប្រធានាធិបតីអាមេរិក លោកបៃឌិន បានសន្យា ជួយដល់ឥណ្ឌា ក្នុងនោះមានទាំង វត្ថុធាតុដើមសម្រាប់ផលិតវ៉ាក់សាំងប្រឆាំងកូវីដ-១៩ផងដែរ។
ប្រធានាធិបតីបៃឌិនបានបង្ហោះនៅលើបណ្តាញសង្គម Twitter ថា
«ដូចអ្វីដែលឥណ្ឌាបានជួយដល់អាមេរិក ក្នុងការទប់ស្កាត់ការឆ្លងកូវីដ-១៩ ហើយនៅពេលនេះយើងចាំបាច់ត្រូវតែតបស្នងជួយដល់ឥណ្ឌាវិញ»។
ជាមួយគ្នានេះដែរ អាមេរិកបានប្រកាសចែករំលែក វ៉ាក់សាំង Oxford ឬ AstraZeneca ដែលអាមេរិកមិនទាន់ប្រើប្រាស់ទៅឲ្យឥណ្ឌាចាក់ជូនពលរដ្ឋ។
ក្នុងរយៈពេល ២៤ម៉ោងកន្លងមក ឥណ្ឌារកឃើញករណីឆ្លងកូវីដ-១៩ ចំនួន 323.144ករណីគឺថយចុះបន្តិចបើប្រៀបធៀបមួយថ្ងៃមុនគឺថ្ងៃទី២៦ខែមេសាដែលមានដល់ទៅ ជាង ៣៥២ពាន់នាក់។ ចំណែកអ្នកស្លាប់នៅថ្ងៃនេះមាន ២៧៧១នាក់៕
ដោយ៖សាធី
រូបភាព៖ Reuters