ភ្នំពេញ ៖ បើយោងតាមសារសម្លេងរបស់សម្តេចតេជោ ហ៊ុនសែន នាយប់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១នេះ គឺសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញបទបញ្ជាឲ្យបើកយុទ្ធនាការថ្នាក់ជាតិ ចាក់វ៉ាក់សាំងកូវីដ-១៩ ដល់ប្រជាពលរដ្ឋចាប់ពីអាយុ១៨ឆ្នាំឡើងទៅ ដោយផ្តើមចេញពី «តំបន់ក្រហម» សារនេះសម្តេចថ្លែងសារបទបញ្ជានេះគឺពេលសម្តេចកំពុងធាក់កង់ហាត់ប្រាណ ដូច្នេះសម្លេងរៀងហត់បន្តិច។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍បញ្ជាក់យ៉ាងដូច្នេះថា៖ «បន្តិចទៀតខ្ញុំប្រាប់ទៅលោកជំទាវ ឱ វណ្ណឌីន ហើយឲ្យកងទ័ពចូលធ្វើតែម្តង ហើយដើម្បីចៀសវាងប្រជាជនចេញពីតំបន់ក្រហមមកចាក់ខាងក្រៅ ទ័ពចូលទៅរកទីតាំងនៅក្នុងហ្នឹង ដោយទទួលយកភារកិច្ចពីគណៈកម្មការចំពោះកិច្ច ឲ្យកងទ័ពអនុវត្តតែម្តង យកវ៉ាក់សាំងចាក់ជូនប្រជាជននៅតំបន់ហ្នឹង»។
សម្តេចបានថ្លែងបន្តថា «ពេលចាក់វ៉ាក់សាំងហ្នឹង កុំខ្វល់ថាប្រជាជនមកពីត្រង់ណាអី ឲ្យតែយល់ព្រមចាក់ គឺចាក់ឲ្យតែម្តង ហើយចេញកាតឲ្យគាត់ទៅ ព្រោះសុទ្ធតែប្រជាជនយើងដដែល តែយើងត្រូវមានសណ្តាប់ធ្នាប់ ដោយសារយើងខ្វះកន្លែង អញ្ចឹងយើងត្រូវឲ្យអាជ្ញាធរមូលដ្ឋានកំណត់ថា ថ្ងៃនេះ ភូមិនេះ ថ្ងៃនោះភូមិនោះ។ អញ្ចឹងយើងយើងអាចចាប់ផ្តើមយុទ្ធនាការថ្នាក់ជាតិ ប្រើកម្លាំងកងទ័ពចាក់តែម្តង»។
សូមបញ្ជាក់ថា, តាមរយៈសារសំឡេង ដែលផ្ញើទៅសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងផ្ញើទៅលោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ពេលសម្តេចកំពុងហាត់ប្រាណ គឺសម្តេចបានចេញបញ្ជាឲ្យ ក្រសួងការពារជាតិ ទទួលភារកិច្ចពីគណៈកម្មការចំពោះកិច្ច ដើម្បីបើកយុទ្ធនាការថ្នាក់ជាតិ ចាក់វ៉ាក់សាំងដល់ប្រជាពលរដ្ឋក្នុងតំបន់ក្រហមនេះ ហើយក្នុងយុទ្ធនាការនេះត្រូវធ្វើឲ្យបានលឿនបំផុត។
សូមរំឮកថា, ស្អែកនេះ , វ៉ាក់សាំងកូវីដ១៩ ស៊ីណូហ្វាម ដែលជាជំនួយរបស់រដ្ឋាភិបាលចិន ចំនួន ៤០ម៉ឺនដូសទៀត នឹងដឹកមកដល់កម្ពុជានាថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ស្អែកនេះ ដើម្បីចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ និងធានាការពារសុខុមាលភាពប្រជាពលរដ្ឋកម្ពុជាពីការរាតត្បាតជំងឺកូវីដ១៩។
វ៉ាក់សាំងស៊ីណូហ្វាមចំនួន ៤០ម៉ឺនដូសនេះ គឺជាជំនួយរបស់មិត្តចិន ដឹកមកដល់កម្ពុជាលើកទី៣ហើយ។ លើកទី១ ដឹកមកដល់ថ្ងៃទី០៧ ខែកុម្ភៈ ចំនួន ៦០ម៉ឺនដូស និងលើកទី២ ដឹកមកដល់ថ្ងៃទី៣១ ខែមីនា ចំនួន ៧០ម៉ឺនដូស។
វ៉ាក់សាំងកូវីដ១៩ ជាឧបករណ៍ដ៏សំខាន់មួយបន្ថែមទៀតក្នុងប្រតិបត្តិការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ និងជួយការពារសុខភាពរបស់មនុស្សពីការវាយប្រហារ ដោយជំងឺកូវីដ១៩។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោហ៊ុនសែន បានប្រឹងប្រែង និងស្វះស្វែងយ៉ាងខ្លាំងក្នុងការរកវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋកម្ពុជា។
តាមរយៈការខិតខំនេះកម្ពុជា ទទួលបានវ៉ាក់សាំងចំនួនជិត ៤លានដូសរួចមកហើយ ហើយភាគច្រើនបំផុតជាវ៉ាក់សាំងជាជំនួយ និងទិញពីប្រទេសចិន។ វ៉ាក់សាំងដែលកម្ពុជាទទួលបានរួចមកហើយនោះ រួមមាន៖ វ៉ាក់សាំងស៊ីណូហ្វាម ជាជំនួយរបស់រដ្ឋាភិបាលចិនចំនួន ១.៣លានដូស, វ៉ាក់សាំងស៊ីណូវ៉ាក់ ទិញពីប្រទេសចិន ចំនួន ២លានដូស និងវ៉ាក់សាំងអាស្ត្រាហ្សេនីកា ជំនួយរបស់ខូវ៉ាក់ តាមអង្គការសុខភាពពិភពលោកចំនួន ៣២៤,០០០ដូស។
តាមរយៈវ៉ាក់សាំងទាំងនេះ កម្ពុជា បានប្រឹងប្រែងចាក់ជូនប្រជាពលរដ្ឋបានចំនួនជិត ១លាន ៣សែននាក់ហើយ។ កម្ពុជា បានក្លាយទៅជាប្រទេសឈរនៅលំដាប់ទី២ ក្នុងអាស៊ាន បន្ទាប់ពីប្រទេសសិង្ហបុរី ដែលចាក់វ៉ាក់សាំងបានចំនួនច្រើនជូនប្រជាពលរដ្ឋ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសថា កម្ពុជា នឹងទទួលបានវ៉ាក់សាំងរហូតដល់ទៅជាង ១០លានដូសនៅក្នុងឆ្នាំ២០២១នេះ។ បើតាមសម្តេចតេជោ ហ៊ុន សែន វ៉ាក់សាំងនឹងមកដល់កម្ពុជាជាបន្តបន្ទាប់ទៀត រួមមាន៖ ខែឧសភា ចំនួន ១លាន ៥សែនដូស, ខែមិថុនា ចំនួន ៣លានដូស, ខែកក្កដា ២លានដូស និងខែសីហា ១លានដូស។
កម្ពុជា គ្រោងចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋឱ្យបានជាង ១០លាននាក់។ ប្រទេសចិន ត្រូវបានគេមើលឃើញជាអ្នកដែលគាំទ្រដ៏សំខាន់ ដើម្បីកម្ពុជាសម្រេចផែនការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ តាមរយៈការផ្គត់ផ្គង់វ៉ាក់សាំងនេះ៕
ដោយ ៖ សុខ ខេមរា