ភ្នំពេញ៖ ក្នុងឱកាសនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តាមរយៈ លោក អភិបាលរាជធានីភ្នំពេញ ចែកជូនដល់ពលរដ្ឋមានជីវភាពខ្វះខាត រស់នៅក្នុងភូមិ១១, ១២ សង្កាត់ទន្លេបាសាក់ ចំនួន១៤១ គ្រួសារ ដោយមានការចូលរួមលោក ព្រំ សំខាន់ ប្រធានក្រុមប្រឹក្សាខណ្ឌ, លោកនាយករដ្ឋបាលខណ្ឌ, លោក ខាត់ ណារិទ្ធ ចៅសង្កាត់ទន្លេបាសាក់ និងមន្ត្រីខណ្ឌ-សង្កាត់ មួយចំនួនទៀត នៅព្រឹកទី២៩ ខែមេសា ឆ្នាំ២០២១ លោក ថេង សុថុល អភិបាលខណ្ឌចំការមន បានអំពាវនាវឱ្យពលរដ្ឋទាំងអស់ ចូលរួមក្នុងការអនុវត្តវិធានសុខាភិបាល, គោរពវិធានការបិទខ្ទប់មួយរយៈពេលខ្លី ដើម្បីឈានដល់ការបញ្ចប់នូវព្រឹត្តិការណ៍ ២០កុម្ភៈ ក្នុងប្រទេសរបស់យើងបានឆាប់រហ័ស ។
ក្នុងឱកាសនេះដែរ លោក ថេង សុថុល បាននាំមកនូវប្រសាសន៍ផ្តាំផ្ញើការសាកសួរសុខទុក្ខពីសម្តេចទាំងទ្វេរជូនបងប្អូនប្រកបដោយក្តីនឹករលឹកព្រមទាំងការគិតគូរយកចិត្តទុកដាក់ខ្ពស់អំពីសុខទុក្ខ សុខុមាលភាព និងសុវត្ថិភាពរបស់ ប្រជាពលរដ្ឋក្នុងមូលដ្ឋាននីមួយៗ ពិសេស ក្នុងអំឡុងពេលបិទខ្ទប់ក្នុងភូមិសាស្រ្ត រាជធានី ភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល ដោយបានចាត់តាំងឲ្យរដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌ រដ្ឋបាល សង្កាត់ចុះមកជួបដោយផ្ទាល់ សួរសុខទុក្ខនិងចែកអំណោយជូនបងប្អូន ដើម្បីជួយសម្រាលការលំបាករបស់ប្រជាពលរដ្ឋបានមួយកម្រិត។
លោកអភិបាលខណ្ឌ បានលើកឡើងទាក់ទងនឹងក្នុងការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល ដែលជាវិធានការមួយរបស់ប្រមុខរាជរដ្ឋាភិបាល ក្នុងកាត់ផ្តាច់នូវការឆ្លងមេរោគកូវីដ-១៩ នៅក្នុង មូលដ្ឋាននីមួយៗ ដែលកើតចេញពីព្រឹត្តិការណ៍ ២០កុម្ភៈ។ ដូច្នេះ ក្នុងដំណាក់កាលដ៏លំបាកនៃការបិទខ្ទប់នេះ គឺត្រូវទាមទារឲ្យមានការចូលរួមពីសំណាក់បងប្អូនទាំងអស់គ្នា ដោយត្រូវអនុវត្តន៍វិធានការ ៣កុំ និង ៣ការពារ របស់សម្ដេចតេជោ ហ៊ុន សែន ដើម្បីឆាប់បានត្រឡប់ទៅរកជីវភាពរស់នៅជួបជុំគ្រួសារជាធម្មតា ដូចមុនវិញ ។
ដោយមើលឃើញតំបន់នេះ មានផ្ទះច្រើនជាប់ៗគ្នា ហើយផ្លូវមានលក្ខណៈតូចចង្អៀត ហើយក្នុងពេល នេះ ជារដូវក្ដៅផងនោះ លោក ថេង សុថុល បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាប្រុងប្រយ័ត្ន ចំពោះគ្រោះអគ្គិភ័យ ដែល អាចកើតឡើងបណ្ដាលមកពីភ្លើងចង្ក្រាន ធូប ទៀន ជាពិសេស បញ្ហាអគ្គិសនី ដោយធ្វើយ៉ាងណាពិនិត្យឱ្យ បានម៉ត់ចត់ កុំមានការធ្វេសប្រហែសឱ្យសោះ ។
បើតាមលោក ស៊ុន សិទ្ធី នាយករដ្ឋបាលខណ្ឌចំការមន បានបញ្ជាក់ថា អំណោយដែលចែកជូននៅពេលនេះ ក្នុង០១គ្រួសារ ទទួលបាន៖ -អង្ករ ១បាវ ទំងន់ ២៥គីឡូក្រាម -មី ១កេស -ទឹកត្រី ១យួរ -ទឹកស៊ីអ៉ីវ ១យួរ និងត្រីខ ១យួរ ៕
ដោយ៖ ជីណា