ខេត្តសៀមរាប៖ បេីយោងតាមរបាយការណ៍របស់សមត្ថកិច្ចនគរបាលខេត្តសៀមរាប បានឲ្យដឹងនៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១ម្សិលមិញនេះថា មានករណីប៉ុនប៉ងមនុស្សឃាតមួយបានកើតឡើង ដោយសារតែស្ត្រីជាប្រពន្ធ បានឈ្លោះប្រកែកគ្នាជាមួយប្តី រួចលួចយកសាំងមកចាក់លើប្តីកំពុងដេកលង់លក់ ប៉ុនប៉ងសម្លាប់ បណ្តាលឲ្យប្តីរងរបួសធ្ងន់ និងឆាបឆេះកូន២នាក់រលាកភ្លើងពេញខ្លួនផងដែរ។ ដោយឡែកផ្ទះស្លឹក (ខ្ទម) ១ខ្នង រួមទាំងសម្ភារប្រើប្រាស់ត្រូវអណ្តាតភ្លើងឆាបឆេះខ្ទេចខ្ទីគ្មានសល់។
ហេតុការណ៍ខាងលេីនេះ បានកេីតឡេីងកាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ នៅចំណុចដីចំការ ស្ថិតក្នុងភូមិអន្លង់ធំ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប ។
របាយការណ៍ដដែល បន្តថា ជនរងគ្រោះខាងលើឈ្មោះ គង់ ឆាយ ភេទប្រុស អាយុ៤៨ឆ្នាំ (ជាប្តី) របួសធ្ងន់ និងកូនស្រី២នាក់ ម្នាក់ឈ្មោះ ឆាយ ស្រីមួយ អាយុ៣ឆ្នាំ និងម្នាក់ទៀតឈ្មោះ ឆាយ ស្រី អាយុ២ឆ្នាំ (រលាកភ្លើងពេញខ្លួន) ។ ចំណែកស្ត្រីជាជនបង្កឈ្មោះ ឡូញ សាន្ត អាយុ២៦ឆ្នាំ (ប្រពន្ធ) ពួកគាត់រស់នៅផ្ទះស្លឹក (ខ្ទម) ក្នុងដីចំការមួយកន្លែងឆ្ងាយពីផ្ទះប្រជាពលរដ្ឋប្រហែល៤គីឡូម៉ែត្រ ស្ថិតនៅភូមិអន្លង់ធំ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប ។
បេីយោងតាមកូនប្រុសបង្កេីតជនរងគ្រោះឈ្មោះ ឆាយ គង់វង់ អាយុ៦ឆ្នាំ បានឆ្លេីយបំភ្លឺថា ម្តាយរបស់ខ្លួន(ជនបង្កហេតុ) ពិតជាអ្នកយកសាំងមកលួចចាក់ដុតប៉ុនប៉ងសម្លាប់ឪពុកពិតប្រាកដមែន។
កូនប្រុសជនរងគ្រោះបន្តថា មុនពេលកេីតហេតុ នៅក្នុងចន្លោះម៉ោងប្រមាណ៩ព្រឹកថ្ងៃទី៣០ ខែមេសា ឪពុកម្តាយរបស់ខ្លូនទាំង២នាក់ គឺមានជម្លាះទាស់ទែងគ្នាយ៉ាងខ្លាំង។ ហើយការឈ្លោះគ្នានេះមិនមែនតែពេលនេះទេ គឺស្ទើរតែរាល់ថ្ងៃទៅហើយ ដោយពួកគាត់រស់នៅក្នុងស្ថានភាពក្រីក្រលំបាករកព្រឹកខ្វះល្ងាច រកល្ងាចខ្វះព្រឹក ជាហេតុបណ្តាលឲ្យមានភាពរកាំរកូសនឹងគ្នាបែបនេះ។
កូនប្រុសរូបនេះ ឆ្លើយបំភ្លឺបន្ថែមទៀតថា នៅពេលព្រឹកដែលឪពុកម្តាយរបស់ខ្លួនឈ្លោះគ្នាមួយប្រ៉ាវ រួចក៏ស្ងប់ស្ងាត់ទៅវិញនោះ លុះនៅរសៀលថ្ងៃដដែល ខណៈឪពុកខ្លួនកំពុងតែដេកលក់ ស្រាប់តែម្តាយបានលបលួចយកសាំងទៅចាក់ស្រោចពីលើឪពុក រួចក៏ដុតខ្លួនប៉ុនប៉ងសម្លាប់តែម្តង បណ្តាលឲ្យប្អូនៗ២នាក់ ដែលកំពុងដេកក្បែរឪពុកនោះក៏រលាកភ្លើងរងរបួសផងដែរ ។
ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចនគរបាលមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុ និងមិនទាន់ឃាត់ខ្លួនស្ត្រីជាប្រពន្ធដែលជាជនបង្កយកទៅសាកសួរនៅឡើយទេ ដោយទុកឲ្យនៅមើលថែប្តី និងកូន ដែលត្រូវបានបញ្ជូនទៅសង្គ្រោះនៅពេទ្យបង្អែកខេត្តសៀមរាបសិន ។
សូមជម្រាបថា ក្រុមគ្រួសារមួយនេះពុំមានញាតិសណ្តាន ឬអ្នកជិតខាងនៅក្បែរនោះទេ ព្រោះថាពួកគាត់រស់នៅក្នុងដីចំការមួយដាច់ឆ្ងាយពីអ្នកស្រុកភូមិ ដូច្នេះហើយទើបមានរឿងអ្វីកើតឡើង គឺគ្មានអ្នកណាម្នាក់ជួយបានឡើយ ។ ពេលនេះកូនប្រុសច្បងអាយុ៦ឆ្នាំរូបនេះ ក៏ត្រូវបានលោកមេឃុំយកមកចិញ្ចឹមបីបាច់ថែរក្សាជាបណ្តោះអាសន្ន បន្ទាប់ពីម្តាយឪពុក និងប្អូន២នាក់កំពុងស្ថិតនៅក្នុងមន្ទីរពេទ្យ ។
ដោយឡែកជុំវិញបញ្ហានេះដែរ ករណីប្រពន្ធប៉ុនប៉ងលួចចាក់សាំងប៉ុនប៉ងដុតសម្លាប់ប្តីខាងលេីនេះ នៅថ្ងៃទី១ ខែឧសភាម្សិលមិញនេះ កម្លាំងសមត្ថកិច្ចជំនាញស្រុក-ខេត្ត កំពុងចាំឃ្លាំមើលឲ្យតែជនរងគ្រោះបានធូរស្រាលបន្តិច នឹងត្រូវនាំខ្លួនស្ត្រីជាប្រពន្ធដែលជាជនបង្កយកមកសាកសួរ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ផងដែរ៕ដោយ៖សហការី