ខេត្តរតនគិរី៖ ជនសង្ស័យ២នាក់ប្រើប្រាស់និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀនត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តចុះធ្វើការបង្ក្រាបនិងរឹបអូសបានវត្ថុតាងមួយចំនួនផងដែរបញ្ជូនទៅសាលាដំបូងខេត្ត។
ការបង្ក្រាបមុខសញ្ញាប្រើប្រាស់និងជួញដូរនូវសារធាតុញៀននោះសមត្ថកិច្ចបានធ្វើឡើងនៅវេលាម៉ោង១៣និង២០នាទីថ្ងៃទី៣ខែឧសភា ឆ្នាំ២០២១ត្រង់ចំណុចផ្ទះជនសង្ស័យស្ថិតក្នុងភូមិភ្នំស្វាយសង្កាត់បឹងកន្សែង ក្រុងបានលុងខេត្តរតនគិរី។
ប្រតិបត្តិការបង្ក្រាបនោះជំនាញនៃស្នងការដ្ឋានខេត្តសហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលសង្កាត់បឹងកន្សែងដោយមានការសម្របសម្រួលពីលោក លាង អ៊ូ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តផងដែរ។
ប្រភពបានឱ្យដឹងថា ជនសង្ស័យទាំង២នាក់មាន៖
ទី១-ឈ្មោះ កែវ ចរណៃ ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងឈើ មានទីលំនៅបច្ចុប្បន្នភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី ។
ទី២-ឈ្មោះ ហេង ប៊ុនថន ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរមុខរបរមិនប្រាកដ មានទីលំនៅបច្ចុប្បន្នភូមិ៤ សង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគិរី។
ក្រោយឃាត់ខ្លួនសមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន៖ មេតំហ្វេតាមីនអាយចំនួន២ថង់ ទម្ងន់១០.៨៥ក្រាម, ទូរស័ព្ទដៃចំនួន២គ្រឿង, ជញ្ជីងថ្លឹងចំនួន១គ្រឿង, ប្រាក់រៀលចំនួន២០ម៉ឺនរៀលនិងឧបករណ៍សម្រាប់សេពថ្នាំញៀនមួយចំនួនទៀត។
ជនសង្ស័យរួមនឹងវត្ថុតាងត្រូវបានឃាត់ខ្លួននិងរក្សាទុកបណ្តោះអាសន្ននៅការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋានខេត្តដើម្បីកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តចាត់ការទៅតាមនីតិវិធី៕
ដោយ៖ ជីវ័ន្ត