ព័ត៌មានទាន់ហេតុការណ៍៖

លោក អ៊ុំ រាត្រី៖ ដើម្បីលុបបំបាត់ខ្សែចម្លងជំងឺកូវីដ-​១៩ ក្នុងសហគមន៍​ ​បានណែនាំឲ្យអាជ្ញាធរក្រុងប៉ោយប៉ែត រឹតបន្តឹងការចេញចូលតំបន់បិទខ្ទប់

ចែករំលែក៖

ខេត្ត​បន្ទាយ​មានជ័យ​៖ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ​ បា​នលេីឡេីងនៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នៅថ្ងៃពុធទី៥ ខែឧសភា ឆ្នាំ២០២១នេះថា​ ដើម្បីលុបបំបាត់ខ្សែឆ្លងជំងឺកូវីដ-១៩ នៅក្នុងសហគមន៍​ បានណែនាំឲ្យអាជ្ញាធរក្រុងប៉ោយប៉ែត ដែលកំពុងប្រឈមការរាតត្បាតនៃជំងឺកូវីដ១៩ ត្រូវរឹតត្បិតការធ្វើដំណើរចេញចូល។

ជាក់ស្ដែងនៅក្នុងកិច្ចប្រជុំនេះ ​លោក អ៊ុំ រាត្រី លើរបៀបវារៈសំខាន់ៗរួមមាន៖ សេចក្ដីណែនាំ សេចក្ដីសម្រេច របស់រាជរដ្ឋាភិបាល និងសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល ដែលផ្ដោតសំខាន់លើការងារអនុវត្តទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ១៩ សម្រាប់ប្រទេសកម្ពុជាបច្ចុប្បន្ននេះ កំពុងប្រឈមនូវការរីករាលដាលកូវីដ១៩ មិនទាន់ធូរស្បើយនៅឡើយ។

លោកអភិបាល​រូបនេះ​ បន្តថា សម្រាប់នៅខេត្តបន្ទាយមានជ័យ ចាប់ពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ មានករណីផ្ទុះជំងឺកូវីដ១៩ ក្នុងសហគមន៍ ភាគច្រើននៅក្រុងប៉ោយប៉ែតជាង៦០០នាក់ គិតត្រឹមថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១។​ លោក អ៊ុំ រាត្រី បន្តទៀតថា នៅពេលនេះគឺជាដំណាក់កាលត្រូវអនុវត្តកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព ក្នុងអំឡុងពេល នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ក្នុងសហគមន៍។

បន្ថែមពីនេះ លោក អ៊ុំ រាត្រី ក៏បានក្រើនរំលឹកដល់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលកំពុងឈរជើងការពារតាមខ្សែបន្ទាត់ព្រំដែន រឹតបន្តឹងដាក់វិធានក្ដៅចំពោះ ការនាំមនុស្សចេញចូលឆ្លងកាត់ដោយខុសច្បាប់ ដែលជាប្រភពនៃការចម្លងមេរោគកូវីដ១៩។​ ជាមួយគ្នានេះ​ លោកក៏បានក្រើនរំលឹកដល់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលកំពុងឈរជើងការពារតាមខ្សែបន្ទាត់ព្រំដែន ត្រូវធ្វើការរឹតបន្តឹង នូវវិធានការលុបបំបាត់ ការនាំមនុស្សចេញចូលឆ្លងកាត់ដោយខុសច្បាប់។

លេីសពីនេះ​ទៅទៀត​ លោក អ៊ុំ រាត្រី បានសង្កត់ធ្ងន់ថា​ ដើម្បីធានារក្សាសន្តិសុខជាតិ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ក្រសួងមហាផ្ទៃបានដាក់ចេញនូវគោលការណ៍ និងវិធានការជាបន្តបន្ទាប់ក្នុងការបង្ការទប់ស្កាត់ និងបង្រ្កាបសកម្មភាព នាំមនុស្សឆ្លងកាត់ព្រំដែន ដោយខុសច្បាប់ និងការគ្រប់គ្រងជនបរទេសស្របតាមច្បាប់។

ដោយ​ឡែក​ជុំវិញបញ្ហានេះដែរ​ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានកត់សម្គាល់ឃើញថា ករណីនៃការនាំពលរដ្ឋកម្ពុជា និងជនបរទេសឆ្លងកាត់ព្រំដែនដោយខុសច្បាប់ នៅតែកើតមានជាបន្តបន្ទាប់ក្នុងនោះក៏មានករណីមួយចំនួនមានក្រុមមេក្លោង និងមេខ្យល់ក្នុងស្រុក ឃុបឃិតជាមួយមេក្លោង មេខ្យល់ខាងក្រៅ ដើម្បីរត់ពន្ធមនុស្សឆ្លងកាត់ព្រំដែនដោយខុសច្បាប់ផងដែរ៕ដោយ​៖សហការី​


ចែករំលែក៖