ព័ត៌មានទាន់ហេតុការណ៍៖

វ៉ាក់សាំងចិន នឹងប្រកួតប្រជែងស្មើភាពជាមួយបណ្តាវ៉ាក់សាំងប្រឆាំងកូវីដ-១៩នានានៅលើពិភពលោក

ចែករំលែក៖

ក្រោយពេលដែលអគ្គនាយកអង្គការសុខភាពពិភពលោក Tedros Adhanom Ghebreyesus អនុម័តឲ្យប្រើប្រាស់ជាផ្លូវការ គឺជាការផ្តល់ទំនុកចិត្តដល់បណ្តាប្រទេសនានាជុំវិញពិភពលោកដែលប្រើប្រាស់វ៉ាក់សាំងរបស់ចិនកាន់តែច្រើនពិសេសគឺប្រទេសក្រីក្រនិងកំពុងអភិវឌ្ឍន៍។
មុនពេលអង្គការWHO ទទួលស្គាល់វ៉ាក់សាំង Sinopharm បានប្រើប្រាស់ទូលំទូលាយនៅលើពិភពលោក ដោយមានរហូតដល់ជាង៦៥លានដូសហើយដែលបានប្រើប្រាស់ ។
ចំណែកវ៉ាក់សាំងមួយទៀតគឺ ស៊ីណូវ៉ាក់ ពេលនេះអង្គការ WHO កំពុងតែរង់ចាំព័ត៌មានបន្ថែមទៀតមុនពេលសម្រេច ថាតើទទួលស្គាល់ ឬយ៉ាងណា។ វ៉ាក់សាំងស៊ីណូវ៉ាក់ ទទួលបានការអនុម័តឲ្យប្រើប្រាស់នៅក្នុងប្រទេសជាច្រើនជុំវិញពិភពលោក។ វ៉ាក់សាំងរបស់ចិនងាយស្រួលក្នុងការរក្សាទុក ដោយអាចរក្សាក្នុងសីតុណ្ហភាព ពី2-8 អង្សាសេ។
កន្លងមកនេះប្រទេសចិនបានផ្តល់វ៉ាក់សាំងទៅដល់បណ្តាប្រទេសសរុបជាង៨០ទៅហើយនៅទូទាំងពិភពលោក ដើម្បីជួយពួកគេក្នុងការទប់ទល់នឹងជំងឺរាតត្បាតសកល COVID-19 ដែលជាតម្រូវការចាំបាច់បំផុតមិនអាចខ្វះបានទាល់តែសោះនូវវ៉ាក់សាំងប្រកបដោយប្រសិទ្ធភាព និងងាយទទួលបានយ៉ាងឆាប់រហ័ស។
សម្រាប់ការប្រកាសទទួលស្គាល់ជាផ្លូវការនូវវ៉ាក់សាំងបង្ការ COVID-19 ស៊ីណូហ្វាមរបស់ចិនពីសំណាក់WHO នឹងជួយឲ្យវ៉ាក់សាំងមួយនេះចរាចរបានកាន់តែគ្របដណ្តប់នៅទូទាំងពិភពលោក ដើម្បីជួយសង្គ្រោះជីវិតមនុស្ស។ វាក៏សមស្របទៅនឹងទិសដៅនៃកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីគ្រប់គ្រងជំងឺរាតត្បាតសកល COVID-19 ឲ្យបានកាន់តែឆាប់រហ័សបំផុត តាមដែលអាចធ្វើទៅបានផងដែរ។
នេះជាវ៉ាក់សាំងទី៦ ហើយដែលត្រូវបានទទួលស្គាល់ជាផ្លូវការដោយ WHO។តាមការស្រាវជ្រាវរបស់WHO ប្រសិទ្ធភាពនៃវ៉ាក់សាំង (Sinopharm) សម្រាប់ទប់ស្កាត់រោគសញ្ញា និងការព្យាបាលនៅមន្ទីរពេទ្យត្រូវបានគេប៉ាន់ស្មានថា មានចំនួនដល់ទៅ ៧៩% បើតាមទិន្នន័យពីក្រុមអាយុទាំងអស់បូកបញ្ចូលគ្នា៕

ដោយ៖ធីរីណា(រូបភាព៖AP)


ចែករំលែក៖